ភ្នំពេញ ៖ នាថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ីកីឡាករជើងចាស់៤រូបមាននី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ត្រូវគេផ្គូផ្គងឲ្យជួបគ្នាម្តងទៀត ខណៈឡុង សុវណ្ណឌឿន អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា ឡើងសាកស្នៀតគុននិងកីឡាករលួន សុខេង អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ។
កីឡាករនី សុភី ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាច្រើនដងមកហើយភាគច្រើននី សុភី ជាអ្នកឈ្នះ ព្រោះអ្នកប្រដាល់នី សុភី នរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលប្រកួតរាល់លើក សុទ្ធតែផ្តួលដៃគូតស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។ ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់នេះណាស់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បានហើយមានប្រសិទ្ធិភាពទៀត។
រីឯពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ចាំមើលលើកនេះពុទ្ធ ឆាយរិទ្ធី ជាអ្នកទទួលជ័យជំនះឬនី សុភី?។
ដោយឡែកកីឡាករលួន សុខេង ឡើងសាកល្បងវិជ្ជាគុននិងកីឡាករជើងចាស់ឡុង សុវណ្ណឌឿន ដែលការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថាឡុង សុវណ្ណឌឿន មានភាគរយឈ្នះច្រើនទៅលើលួន សុខេង ព្រោះគេជាកីឡាករជើងចាស់ហើយបានប្រកួតញឹកញ៉ាប់ជាងលួន សុខេង ដែលយូៗបានប្រកួតម្តង។
បើទោះជាកីឡាករឡុង សុវណ្ណឌឿន ជាអ្នកប្រដាល់ចាស់វស្សាក្តី ការប្រកួតនេះក៍មិនត្រូវមើលស្រាលកីឡាករលួន សុខេង ដែរព្រោះសុខេង មានកណ្តាប់ល្អ បើហ៊ានប្រហេសច្បាស់ជាចាញ់មិនខាន។ ចាំមើលលួន សុខេង និងឡុង សុវណ្ណឌឿន នរណាជាអ្នកឈ្នះ?៕