រថយន្តដឹកស៊ីទែនប្រេងក្រុមហ៊ុនតេលា សាកកម្លាំងជាមួយរថយន្តសាំយ៉ុងធ្លាយចេញសុទ្ធតែឈើ ហើយបណ្ដាលឲ្យរងរបួសប្ដីប្រពន្ធ២នាក់នៅស្រុកសន្ទុក

0
733

កំពង់ធំ ៖ រថយន្តដឹកស៊ីទែនប្រេងក្រុមហ៊ុនតេលា សាកកម្លាំងជាមួយរថយន្តសាំយ៉ុងធ្លាយចេញសុទ្ធតែឈើ ហើយបណ្ដាលឲ្យរងរបួសប្ដីប្រពន្ធ២នាក់ កាលពីវេលាម៉ោង ១៣ និង០៥ នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ១៤២-១៤៣ ត្រង់ចំណុចមុខវត្តទួលវិហារ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តម៉ាកសាកមែន(SHACMAN) ពណ៌បៃតង ស ផ្លាកលេខ ភ្នំពេញ3E-7334 ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រថយន្តផ្ទុកប្រេងសាំងរបស់ក្រុមហ៊ុនតេលា។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខ សៀមរាប2A-7152 បើកបរដោយឈ្មោះ ចក សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិឆែប១ ឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ ធ្វើដំណើរពីជើងទៅត្បូងផ្ទុកឈើចម្រៀងពេញរថយន្ត (អ្នកបើករបួសធ្ងន់)។ អ្នករួមដំណើរជាមួយឈ្មោះទ្រី គីមហួយ ភេទស្រីអាយុ៣២ឆ្នាំ នៅភូមិ/ឃុំ ជាមួយអ្នកបើកបររថយន្ត ត្រូវជាប្រពន្ធ (របួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងនៅទីតាំងខាងលើ រួចធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរថយន្តទាំង ០២គ្រឿង យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ៕

Facebook Comments
Loading...