ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ៣រូបមានឡៅ ចិត្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងកីឡាករឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា ឡើងស្វាគមន៍កីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ និងកីឡាករណួមីណ ត.បួម៉ាត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ។
កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចិត្រា ឡើងតតាំងជាមួយកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាកន្លងមក ព្រោះកីឡាករថៃម្នាក់នេះជាកីឡាករទម្ងន់ធ្ងន់ ហើយសម្រកគីឡូមកប្រកួតគីឡូមធ្យម ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលធ្លាប់បានយកឈ្នះលើកីឡាករកម្ពុជា ជាច្រើននាក់មកហើយដែរ។
ចំណែកឡៅ ចិត្រា វិញបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ នេះត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ ព្រោះកីឡាករថៃម្នាក់នេះ គេជាកីឡាករជើងខ្លាំងដែលធ្លាប់ឈ្នះក្រវាត់នៅស្រុកគេផងដែរ។ ចាំមើលឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់?។
ដោយឡែកកីឡាករឡុង សុវណ្ណឌឿន គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះណួមីណ ត.បួម៉ាត ប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ នាពេលកន្លងមក ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ ឡុង សុវណ្ណឌឿន គេក៏ជាកីឡាករជើងខ្លាំងទម្ងន់ធ្ងន់មួយរូប ក្នុងចំណោមអ្នកប្រដាល់ជួមុខរបស់ប្រទេសកម្ពុជានាពេលបច្ចប្បន្ននេះ។
កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេ ក៍ល្អហើយខ្លាំងថែមទៀត។ ប៉ុន្តែយ៉ាងណា សុវណ្ណឌឿន ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេវាយចេញរាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។ ចាំមើលកីឡាករឡុង សុវណ្ណឌឿន នឹងកីឡាករថៃ ណួមីណ ត.បួម៉ាត នេះនណាជាអ្នកឈ្នះ?៕