ភ្នំពេញ ៖ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ សាលាខណ្ឌព្រែកព្នៅ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស»។
នៅក្នុងពិធីនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានចាត់ទុកថា ស្រ្តីជាធនធានមនុស្ស មិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ជាពិសេស ក្នុងការកសាងមូលដ្ឋានខណ្ឌ ដែលជាក់ស្តែង មានស្រ្តីជាថ្នាក់ដឺកនាំជាច្រើន បានបំពេញការងារបំរើសង្គមជាតិយ៉ាងច្រើន មិនខ្លាចនឿយហត់។
លោកអភិបាលខណ្ឌ ក៏បានជំរុញ អោយមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាព សង្គម ឆ្ពោះទៅលើក កម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជា សុខមាលភាព សង្គម ធ្វើការទប់ស្កាត់ និងកាត់បន្ថយ អំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។
ដោយឡែកទាក់ទិននឹងការងារចំពោះមុខ គឺការជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩នេះ លោក សុខ សម្បត្តិ បានជម្រុញអោយប្រជាពលរដ្ឋទាំងអស់ចូលរួមសហការអោយបានគ្រប់ៗគ្នា នឹងស្នើអោយសមត្ថកិច្ចចូលរួមក្នុងការការពារទប់ស្កាត់នូវបញ្ហាជ្រុលនិយមណាមួយដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ធ្វើយ៉ាងណាបង្ករលក្ខណៈអោយមន្រ្តីជំរឿនមានលទ្ធភាពបំពេញការងារបានសម្រេចជូនរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកអភិបាលក៏បានក្រើនរំលឹកផងដែរ អំពីស្ថានភាព អាកាសធាតុក្នុងរដូវប្រាំងនេះ មានកម្តៅខ្លាំង សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព មនុស្សជាទីស្រលាញ់ នឹងត្រូវរៀបចំបំរុងទឹកសម្រាប់ប្រើប្រាស់ចាំបាច់គ្រប់ៗផ្ទះ ក៏ដូចជាបង្ការគ្រោះអគ្គិភ័យ និងហានិភ័យទាំងឡាយដែលអាចកើតមានជាយថាហេតុ។
សូមជម្រាបថា ពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ដែលសាលាខណ្ឌព្រែកព្នៅ រៀបចំនេះ ធ្វើឡើងក៏ដើម្បីរំលឹក ឡើងវិញពី វីរៈភាពរបស់ស្ត្រី ដែលបានប្រឆាំងនឹងលក្ខខណ្ឌការងារ តួនាទីរបស់ស្រ្តី ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឃន៏ ការជំរុញអោយបញ្ឈប់នូវ ការរើសអើង ព្រមទាំងការពង្រឹងអោយមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ៕