ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ សុំឲ្យប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង ត្រៀមឯកសារពាក់ព័ន្ធដីធ្លីរបស់ខ្លួនដើម្បីចុះបញ្ជី 

0
2088

ភ្នំពេញ ៖ ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ប្រកាសតំបន់វិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩នេះ លោក  ស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ សុរិយោដី និងភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានថ្លែងថា ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លី​ដែលមានលក្ខណៈជាប្រព័ន្ធតាមភូមិទាំង២៤ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ចាប់ពីថ្ងៃទី០៦ ខែមិនា នេះតទៅដោយចាប់ផ្ដើមពីភូមិឧសភាមុនគេ។

ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬក្រុមវាល នឹងចុះទៅស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី​និងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ។ ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបងប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀមខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថាដីគឺជាអយុជីវិតរបស់ប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ សហការឲ្យបានល្អប្រសើរជាមួយក្រុមការងារ ព្រោះការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ ។

លោក ប៊ិន សូឈី អនុប្រ​ធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល គឺការកំណត់តំបន់វិនិច្ឆ័យ ការបើកវគ្គបណ្ដុះបណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យនៃការចុះបញ្ជីដីក្នុងតំបន់វិនិច្ឆ័យ និងការចែកវិញ្ញា​បនបត្រសំគាល់ម្ចាស់អចលនវត្ថុ។កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញដែលចាប់ដំណើ ការតាំងពីឆ្នាំ២០០៣មកនោះអនុវត្តបាន៦៧សង្កាត់ ក្នុងចំណោម១០៥សង្កាត់ដោយចុះប្រមូលទិន្នន័យបានចំនួន២៣៨ ០០០ក្បាលដី ក្នុងនោះ មានខណ្ឌ៣ដែលបានចុះបញ្ជីចប់ជាស្ថាពរ គឺមានខណ្ឌទួលគោក ខណ្ឌ សែនសុខ និងខណ្ឌដូនពេញ៕

Facebook Comments
Loading...