ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់អ្នកនិយមទស្សនា និងស្តាប់កម្សាន្តបទចម្រៀងរបស់ក្រុមBNK48 ដែលកំពុងល្បីនៅប្រទេសថៃ ពេលនេះស្ថានីយទូរទស្សន៍លេខ៥ត្រៀមយកនារីវ័យក្មេងខ្មែរយើងបញ្ជូលជាសមាជិកទី៥២ តារាចម្រៀងនារីវ័យក្មេងថៃ គឺក្រុម BNK48 មានសមាជិកនារីរហូតដល់៥១នាក់មកដល់កម្ពុជា។
ស្ថានីយទូរទស្សន៍លេខ៥គ្រោងនឹងបង្កើតកម្មវិធីធ្វើការជ្រើសរើសយុវតីស្រីវ័យក្មេងមានសមត្ថភាពនៅកម្ពុជាដើម្បីធ្វើការហ្វឹកហាត់ឲ្យក្លាយជាតារាចម្រៀងអាជីពផងដែរ។ ការបង្ហាញមុខ និងប្រកាសគម្រោងដ៏ភ្ញាក់ផ្អើលមួយនេះត្រូវបានធ្វើឡើងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈលើកិច្ចព្រមព្រាងរវាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមហ៊ុនBNK 48 កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេនផ្សារទំនើបអ៊ីអនទី១។
BNK48 គឺជាក្រុមតារាស្រីថៃនិងក្រុមបងស្រីអន្តរជាតិទីបីរបស់ AKB48 របស់ជប៉ុនបន្ទាប់ពី JKT48 របស់ឥណ្ឌូនេស៊ីនិង SNH48 របស់ប្រទេសចិន។ ក្រុមនេះបានប្រកាសសមាជិកជំនាន់ដំបូងរបស់ខ្លួននៅអំឡុងដើមឆ្នាំ២០១៧។ បច្ចុប្បន្នក្រុមតារាចម្រៀងវ័យក្មេងទាំងនេះមានសមាជិសរុប ៥១នាក់ដែលជាជនជាតិជប៉ុន និងថៃ ហើយបាននឹងកំពុងទទួលការគាំទ្រច្រើនលើសលុបពីអ្នកគាំទ្រនៅព្រះរាជាណាចក្រថៃ និងកម្ពុជាផងដែរ។ មកដល់កម្ពុជានូវសមាជិកក្រុមនេះចំនួន៦នាក់គេសង្កេតឃើញមានអ្នកគាំទ្រនៅកម្ពុជាជាច្រើនបានចូលរួមស្វាគមន៍វត្តមានពួកគេផងដែរ។
អគ្គនាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក ស៊ូបប៉ាឆ័យ វឺរពុជុង (Supachai Verrapuchong) បានចាត់ទុកការបង្ហាញវត្តមានរបស់ក្រុមតារាចម្រៀង BNK48 បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែល្អរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ឱកាសនេះគឺជាដំណឹងដ៏ល្អរបស់ អ្នកគាំទ្រក្រុមតារាចម្រៀង BNK48 ព្រោះតែក្រុមហ៊ុននេះនឹងធ្វើការជ្រើសរើសយុវតីកម្ពុជាដើម្បីចូលរួមជាសមាជិកក្រុម BNK48 ជំនាន់ទី៣។
អ្នកគ្រប់គ្រងក្រុមហ៊ុន BNK48 លោក ជីរ៉ាត់ ប៉ាវ៉ារ៉ាវ៉ាដហាណា (Jirath Pavaravadhana) បានបញ្ជាក់ផងដែរថា ជាឱកាសល្អមួយដែលសមាជិកក្រុម BNK48 បានធ្វើដំណើរមកដល់កម្ពុជាលើកដំបូងហើយក៏ជាឱកាសបង្កើតសម្ព័ន្ធមិត្តរវាងប្រទេសថៃ និងកម្ពុជាតាមរយៈតន្ត្រី និងចម្រៀងPop។ លោកថាការមកដល់កម្ពុជាពេលនេះក៏ជាស្ពានតភ្ជាប់ទំនាក់ទំនងនិងការផ្លាសប្តូរវប្បធម៌រវាងប្រទេសទាំង៣គឺកម្ពុជា ថៃ និងជប៉ុន។
លោកបានប្រាប់ទៀតថា ក្រុមរបស់លោកនិងស្ថានីយទូរទស្សន៍លេខ៥នឹងរួមគ្នាបង្កើតឱ្យមានទស្សនីយភាពសិល្បៈមួយចំនួនទៀតដែលបន្តបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងត្រៀមធ្វើការប្រគំតន្ត្រីជាច្រើននាពេលខាងមុខនេះ។ លោកក៏បានរំពឹងដែរថា ក្រុមរបស់លោកនឹងមានយុវតីកម្ពុជាអាចក្លាយជាសមាជិកក្នុងក្រុមចម្រៀងBNK48 តាមរយៈកម្មវិធីនៃការជ្រើសរើសមួយ៕