ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ២០១៨

0
1410

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូបើកសម្ពោធ ពិព័រ​ណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ (CTM 2018) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា ដែលមានប្រជាពលរដ្ឋ ៨៣.០២% បានទៅចូលរួមបោះឆ្នោត។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងគាំទ្រទាំងស្រុងនូវ អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ពីជំហរដ៏ម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញ៉មជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ CTM នេះ បានប្រារព្ធធ្វើម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប (CTM 2017) ដោយទទួលបានជោគជ័យយ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨នេះ ក៏កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ មានការកើនឡើងរហូតដល់ ៥៥.៩%។

តាមរបាយការណ៍ ព្រឹត្តិការណ៍ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមានស្ថាប័នទេសចរណ៍ជាតិមកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍៕

Facebook Comments
Loading...