ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ២នាក់គឺសុខ ធី អ្នកប្រដាល់មកពីក្លិបសៅយ៉ាន់នាគាខេត្តបន្ទាយមានជ័យ កៀកស្មារនិងកីឡាករតាញ់ មករា អ្នកប្រដាល់របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបជាមួយកីឡាករថៃKao Phodam និងកីឡាករថៃThnou Soek Lek លើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៤ ខែតុលា ឆ្នាំ២០១៨នេះ។
កីឡាករមកពីជាយដែន សុខ ធី (ហៅកាកា)គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Kao Phodam ដែលមិនធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ។ សុខ ធី បច្ចប្បន្នគេជាជើងខ្លាំងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះ ដោយធ្លាប់បានយកឈ្នះលើកីឡាករកម្ពុជា និងកីឡាករថៃច្រើននាក់កន្លងមក ដែលធ្វើឲ្យគេមានឈ្មោះបោះសម្លេងហើយកំពុងត្រូវបានអ្នកទស្សនាច្រើនចាប់អារម្មណ៍ចំពោះស្នៀតគុន នៅពេលគេឡើងប្រកួតម្តងៗនោះ ហើយបានធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង ហើយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេនោះបានធ្វើឲ្យកីឡាករសុខ ធី ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ កីឡាករជើងថ្មី និងគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិផងដែរ។ ចំណែកកីឡាករថៃ Kao Phodam គេពូកែតែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលតែប៉ុណ្ណោះ ហើយស្នៀតទាំងនេះក៍ត្រូវបានកីឡាករកម្ពុជាសុខ ធី ធ្លាប់ជួបនិងបានយកឈ្នះជាបន្តបន្ទាប់។ ចាំមើលរវាងកីឡាករសុខ ធី និងកីឡាករថៃ Kao Phodam នេះនរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Thnou Soek Lek ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ។ តាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
តាញ់ មករា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ និងកម្លាំងជើងទាត់ខ្លាំង តែមិនសូវសំបូរច្ចេកទេសនិងល្បិចកលប្រកួតប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេវ៉ៃអាងតែលើកម្លាំងបាយតែប៉ុណ្ណោះ តែមួយរយះមកគេវាយចេញដោយកណ្តាប់ដៃដាល់ត្រូវចំគោលដៅបានច្រើន មួយៗតែធ្ងន់ចំណែក ឯការពាររបស់គេ ក៏បានល្អនិងរឹងមាំផងដែរ ហើយធ្លាប់ផ្តួលកីឡាករក្នុងស្រុកនិងកីឡាករបរទេសជាច្រើននាក់កន្លងមក។ ចាំមើលធន់ មករា ជាអ្នកឈ្នះឫកីឡាករថៃ Thnou Soek Lek?៕