ខេត្តមណ្ឌលគិរី រកឃើញភេសជ្ជៈដែលអាជីវករតាំងលក់ហួសកាលបរិច្ឆេទ ជិត២០០កេស

0
1279

មណ្ឌលគីរី៖ លោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី បាន ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅតាមផ្ទះលក់ទំនិញនានា នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីបង្ការ និងទប់ស្កាត់នូវការលំហូរចូល នៃអាហារដែលគ្មានគុណភាព។

លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើ ទំនិញ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំណីអាហារដែលអាជីវករដាក់តាំងលក់ នៅតាមផ្ទះ លក់គ្រឿងទេសនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់។

លោកបន្តថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្ត រកសារធាតុគីមីហាម ឃាត់លើមុខទំនិញដូចជា ត្រីងៀត សរសៃគុយទាវ នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រពាំង ជ្រក់ត្រសក់ សណ្តែកបណ្តុះ ខាត់ណា ស្ពៃក្តោប ត្រសក់ ជាលទ្ធផលពុំមានសារធាតុគីមី ហាមឃាត់ទាំងអស់នោះទេ ក្រៅពីនោះ ក៏បានធ្វើតេស្តរកសារធាតុអ៊ីយ៉ូតក្នុងអំបិល ម៉ាក លីលីដា ជាលទ្ធផលមានជាតិអ៊ីយ៉ូតត្រឹមត្រូវ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏បានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ ទំនិញនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងដកហូតទឹកក្រូច ម៉ាកសារាំងហេចំនួន ១៨១កេស ស្មើនឹង ៤,៣៤៤ដប មានទម្ងន់ស្មើនឹង ១,៦២៩គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ យកមករក្សាទុក នៅមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយផងដែរ។

លោក ជ័យ សាមឿន ក៏បានធ្វើការចុះអប់រំណែនាំដល់អាជីវករទាំងអស់ឱ្យចៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ហើយត្រូវរៀបចំទំនិញលក់ដូរឱ្យ មានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញនីមួយៗ។ លើសពីនេះមន្ត្រីជំនាញក៏បានបិទរូបភាពដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់។

នៅក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានចុះអង្កេតតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ក្នុងក្រុងសែនមនោរម្យ នឹងបានណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ ត្រូវលក់តាមការកំណត់ក្រសួងពាណិជ្ជកម្មផងដែរ៕

ប្រភព៖ AKP

Facebook Comments
Loading...