លិខិតមិត្តអ្នកអាន៖ «ទាំងអស់គ្នាដើម្បីសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា»

0
2341

(ភ្នំពេញ)៖ ថ្ងៃទី៧ខែកក្កដានេះគឺជាថ្ងៃទី១នៃការបើកយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ហើយ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការផ្តល់នូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ក្នុងការដឹកនាំប្រទេសរយៈពេលជិត ៤០ មកហើយនេះ នឹងបើកយុទ្ធនាការឃោសនាបោះឆ្នោតជាលក្ខណៈទ្រង់ទ្រាយធំ ដែលយ៉ាងហោចណាស់ក៏មានមនុស្សជាង ៥ ម៉ឺននាក់ដែរ ដែលត្រូវចូលរួមក្នុងការបើកយុទ្ធនាការនេះ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងថែមទៀត ដើម្បីនាំយកនូវជ័យជម្នះភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

ទង់ឃោសនាដែលសម្តេចតេជោហ៊ុន សែន នឹងប្រគល់ជូនថ្នាក់ដឹកនាំគណបក្សដើម្បីបន្តដឹកនាំការឃោស នាស្វែងរកសំឡេងឆ្នោតគាំទ្រ គឺជាទង់ដែលជ្រោសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃនេះ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរបានពួតដៃគ្នា កសាងប្រទេសចាប់តាំងពីឆ្នាំ ១៩៧៩ និងបន្តរហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ជាមេទ័ពដឹកនាំការប្រយុទ្ធជាច្រើនរយសម
រភូមិនៅក្នុងសង្ក្រាមដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម ដឹកនាំការប្រយុទ្ធដើម្បីទប់ស្កាត់ការវិលវិញនៃរបបប្រល័យពូជសាសន៍នេះ និងដឹកនាំការស្តារនិងកសាងប្រទេសឡើងវិញក្រោយពីជាតិ និងប្រជាជនហែលឆ្លងកាត់ឈាមនិងទឹកភ្នែកឱ្យមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូច សព្វថ្ងៃនេះ។ សម្តេចតេជោនឹង ថ្លែងសុន្ទរកថាគន្លឹះដែលផ្តោតលើគផលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់អនុវត្តនៅអាណត្តិទី៦។

រាជរដ្ឋាភិបាលអាណត្តិទី៥ បានកសាងនូវសមិទ្ធិផលយ៉ាងច្រើនជូនជាតិមាតុភូមិ ហើយជាពិសេសនៅក្នុងការដឹកនាំរយៈពេល ២០ ឆ្នាំក្រោមម្លប់នៃសន្តិភាពនេះ កម្ពុជាសម្រេចបានកំណើនយ៉ាងច្រើនក្នុងនោះផលិតផលក្នុងស្រុកសរុបបានកើនឡើងពី ៣ ១០៦ លានដុល្លារអាមេរិកនៅឆ្នាំ ១៩៩៨ ដល់ ២៤ ៦០៥ លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨នេះ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ បានកើនឡើងពី ២៥៣ ដុល្លារអាមេរិកនៅឆ្នាំ ១៩៩៨ ដល់ ១៥៦៣ ដុល្លារអាមេរិកនៅឆ្នាំ ២០១៨។ អតិផរណាបានធ្លាក់ចុះពី ១៤,៧% នៅឆ្នាំ ១៩៩៨ មកនៅត្រឹម៣,៤% នៅឆ្នាំ ២០១៨។ អាត្រាភាពក្រីក្របានថយចុះពី ៥៣,២% នៅឆ្នាំ ១៩៩៨ មកនៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៨។ ការនាំចេញរបស់កម្ពុជានៅឆ្នាំ ១៩៩៨ មានក្នុងទំហំទឹកប្រាក់ ៨០០ លានដុល្លារ បានកើនឡើង ដល់១២ ១២៣ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨។

ទុនបម្រុងអន្តរជាតិនៅឆ្នាំ ១៩៩៨ មានត្រឹមតែ ៣៩០ លាន ប៉ុន្តែបានកើនឡើងរហូតដល់ ៩ ៤៩៤ លានដុល្លារនៅឆ្នាំ ២០១៨។ ប្រាក់សោធននិវត្តន៍អប្បបរមាក្នុងម្នាក់ មានចំនួន ៧០០០០ រៀលក្នុងមួយខែ បានកើនឡើងដល់ ៤៨០០០០ ក្នុងមួយខែ។ ចំណូលថវិកាជាតិសរុបមាន ចំនួន ២៤៧ លានដុល្លារនៅឆ្នាំ ១៩៩៨ កើនដល់ ៤ ៧៣២ លានដុល្លារនៅឆ្នាំ ២០១៨ នេះ។ ប្រាក់ឈ្នួលអប្បបរមាមានចំនួន ៤០ ដុល្លារនៅឆ្នាំ ១៩៩៨ បានកើនឡើងដល់ ១៧០ ដុល្លារនៅក្នុងឆ្នាំ ២០១៨នេះ។ ចំនួនភ្ញៀវទេស ចរនៅឆ្នាំ ១៩៩៨ មកទស្សនាកម្ពុជាមានត្រឹម ២៨៦ ៥២៤ នាក់ បានកើនដល់ ៦ ២៦២ ១៦៤នាក់។

ប្រជាពលរដ្ឋខ្មែរត្រូវបន្តការការពារសន្តិភាពដែលរកបានមកដោយពិបាក និងការពារការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាកំពុងតែមាននេះព្រមទាំងបន្តការពារ សម្រាប់មនុស្សជំនាន់ៗក្រោយទៀត ព្រមទាំងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងនាំកម្ពុជាចូលទៅក្នុងភាពចលាចល សង្គ្រាម និងបដិវត្តន៍ពណ៌។ ក្បួនឃោសនាខ្នាតយក្សរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១ នៃការបើកការឃោសនានេះ គឺជាក្បួនយុទ្ធសាស្ត្រមួយដែលគ្រាន់តែឮសន្ធឹកជើងប្រវែងរបស់ក្បួន ចំនួនអ្នកចូលរួមកធ្វើឱ្យក្រុមអ្នកនយោបាយចាញ់ចាស់វស្សា និងក្រុមអ្នកនយោបាយរត់ចោល ស្រុកមួយចំនួនដែលតាមយាយីបំផ្លាញកម្ពុជា ប្រើនយោបាយបោកប្រាស់ ភូតភររាស្ត្រ ភ័យស្លន់ស្លោរ បាត់ព្រលឹងពីក្នុងខ្លួន។ នេះគឺជាកម្លាំងពិតរបស់គណបក្សប្រជាជនកម្ពុជា និងមានកម្លាំងគាំទ្ររាប់លាននាក់ពីក្រោយថែមទៀត។ ការចូលរួមដ៏ច្រើនកុះកររបស់សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជននៅថ្ងៃនេះនេះ គឺបង្ហាញពីការរួមសាមគ្គីគ្នារបស់គណបក្សប្រជាជនកម្ពុជាជ្រោងទង់សន្តិភាព និងការអភិវឌ្ឍរួមគ្នាក្រោមដំបូលជាតិខ្មែរតែមួយ។ មានតែគណបក្ស ប្រជាជនកម្ពុជាតែមួយគត់ប៉ុណ្ណោះ ដែលជាគណបក្សគួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាគណបក្សដែលមានភាពចាស់ទុំនយោបាយ និងមានធនធានមនុស្សហូរហៀរ ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

រយៈពេលជាង ៣៨ ឆ្នាំមកនេះ កម្ពុជាបានបោះជំហានទៅមុខជានិច្ចក្នុងដំណើរអភិវឌ្ឍជាតិលើគ្រប់វិស័យ បានធ្វើឱ្យកម្ពុជាជារដ្ឋអធិបតេយ្យមួយពេញលេញ មានបូរណភាពដែនដី ឯករាជភាព និងឯកភាពទឹកដី បានធ្វើឱ្យ ជីវភាពប្រជាជនក្រីក្រ ១០០% នៅឆ្នាំ ១៩៧៩ មកមានភាពធូរធារនាពេលបច្ចុប្បន្ន មានការងារធ្វើ មានប្រាក់បៀវត្សរ៍សមរម្យ និងមានកេរ្តិ៍ឈ្មោះល្អនៅលើសកលលោកក្នុងកិច្ចថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងតួនាទីសំខាន់ៗផ្សេងទៀតនៅលើឆាកអន្តរជាតិដូចជាបានក្លាយខ្លួនជាអនុប្រធាននៃមហាសន្និបាតអង្គការ
សហប្រជាជាតិ និងជាសមាជិករបស់ ECOSOC។ វិស័យអប់រំសិក្សាធិការ សង្គមវប្បធម៌មានការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានត្រូវបានសាងសង់ឡើងខ្វាត់ខ្វែងនៅលើផ្ទៃប្រទេស ឆ្លើងកាត់ទន្លេរាប់មិនអស់។ មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ប្រព័ន្ធធារាសាស្ត្រត្រូវបានសាងសង់ និងមានវត្តមានគ្រប់ទីកន្លែង។ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ក្បួនឃោសនាបោះឆ្នោតដ៏ធំនេះ ក៏ដើម្បីបង្ហាញថា ពលរដ្ឋខ្មែរត្រូវការសន្តិភាព និងការអភិវឌ្ឍ មិនត្រូវការឡើយការបោកប្រាស់ និងសង្គ្រាមវិនាសកម្មដែលបង្កឡើងដោយពាក្យសម្តី ការញុះញង់របស់ក្រុមអ្នកនយោបាយ ប្រឆាំងក្រៅច្បាប់។ រាស្ត្រខ្មែរភាគច្រើនលើសលប់នឹងនៅជាមួយគណបក្សប្រជាជនកម្ពុជា គាំទ្រគណបក្សប្រជាជន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត! សូមក្បួនទ័ពទេវតាបានសុខសុវត្ថិភាព និងជោគជ័យគ្រប់កាលៈទេសៈទាំងអស់ជាពិសេសទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខ ក្រោមទិសស្លោក «ទាំងអស់គ្នាដើម្បីសន្តិភាព សន្តិភាព ដើម្បីទាំងអស់គ្នា»៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៨

Facebook Comments
Loading...