សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអបអរសាទរ ខួបទី៦៧ នៃថ្ងៃកំណើតបក្ស និងបើកយុទ្ធនាការឃោសនាបោះឆ្នោត

0
1168

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមអបអរសាទរខួបទី៦៧នៃថ្ងៃកំណើត បក្ស និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រអាណត្តិទី៦ នៅមជ្ឍមណ្ឌលកោះពេជ្រ។ ពិធីនេះក៏មានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានា និងសមាជិក សមាជិការ គណៈបក្សប្រជាជនកម្ពុជាគ្រប់ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញបប្រមាណជាង៥ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសេចក្តីសប្បាយរីករាយ យ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

សម្តេចតេជោប្រធានគណបក្ស ក៏បានថ្លែងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រភពពី ចលនាតស៊ូរបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិ មាតុភូមិ។ ក្នុងរយៈពេលជាង៣៩ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាគណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យឯកជនអោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងបង្កើនការងា ពង្រីកមុខរបរសម្រាប់ប្រជាជន ។

គណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចគោលដៅ «ការអប់រំសម្រាប់ទាំងអស់គ្នា» ផ្សាភ្ជាប់កាអប់រំ និងបណ្តុះបណ្តាលជាមួយសំណូមពរនៃការអភិវឌ្ឍ។ លើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាជន ប្រកប ដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ពង្រឹងពង្រីកសេវាសង្គមកិច្ចសម្រាប់ក្រុមជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈអោយគេបានផ្សាភ្ជាប់ជាមួយ និងចរន្តនៃការអភិវឌ្ឍ។ បន្តជំរុញការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងកម្រិតតំបន់ និងទាំងក្នុងកម្រិតពិភពលោក ហើយខិតខំបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍ។ ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ បង្កើនការចូលរួមដ៏សកម្មរបស់កម្ពុជា ក្នុងការដោះស្រាយកិច្ចការអន្តរជាតិទំាំងទ្បាយ រួមទាំងការចូលរួមបេសសកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសមួយចំនួន។ គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សាការពាររាល់សមិទ្ធផលនៃសង្គមជាតិ ជាពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

ដោយឡែកទាក់ទងនឹងពីធីបើកយុទ្ធនាការរកសំឡេងឆ្នោត សំរាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុននេះ សម្តេចតេជោ ហ៊ុន សែន សង្ឍឹមយ៉ាងមុតមាំថា យុទ្ធការនេះនឹងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ អព្យាក្រិតសំរាប់គណៈបក្សនយោបាយទាំងអស់។ សំរាប់ការជួបជុំរបស់សមាជិក សមាជិការ និងសកម្មជនគណបក្សនាពេលនេះ ដើម្បីចូលរួមក្នុងការដណ្តើមយកជ័យជម្នះ ជូនគណបក្សក្នុងការបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយសម្តេចក៏សូមអោយប្រជាពលរដ្ឋកម្ពុជាទាំងអស់អញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍន៍។

មុននឹងបញ្ចប់ការថ្លែងសុន្ទកថា សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិ សមាជិកសមាជិការ គណៈបក្សប្រជាជនទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

មុននឹងបញ្ចប់ គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោង ដើម្បីអបអរសាទរ ខួបទី៦៧ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៩៥១-២៨មិថុនា ២០១៨) និងបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តចពញាចក្រី ហេង សំរិន បានអញ្ជើញទទួលបាច់ផ្កាពីមន្ត្រីអង្គទូតនានា ភ្ញៀវជាតិ អន្តរជាតិ និងបណ្តាស្ថាប័ននានាក្នុងបរិយាការរីករាយក្រៃលែង។

បន្ទាប់ពីបញ្ចប់ពិធី ផែននៃក្បួនដង្ហែរគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមហែរចេញពីកោះពេជ្រទៅកាន់គោលដៅនៅតាមខណ្ឌនីមួយៗយ៉ាងអធិកអធម្មបំផុត៕

Facebook Comments
Loading...