រដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយសង្កាត់ ចុះបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសនៅតំបន់ ដែលមានហានិភ័យខ្ពស់

0
237

ភ្នំពេញ ៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ជាដល់មន្ត្រីខណ្ឌ សហការជាមួយសង្កាត់ ចុះបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសនៅតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ។

លោកសុខ សម្បត្តិ លើកឡើងថា ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើន សំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលា ក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។ ដូចនេះក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាម ត្រូវតែបន្តការបាញ់ថ្នាំសម្លាប់មូសនៅតាមប្រឡាយលូនានា តាមបណ្តាសង្កាត់ទាំង៧របស់ខ្លួនក្នុងខណ្ឌបឹងកេងកង។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌបឹងកេងកង ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។

សូមជម្រាបថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែតក្នុងវត្ថុទាំងនោះ ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

Facebook Comments
Loading...