លិខិតមិត្តអ្នកអាន៖ បែកធ្លាយបណ្តាញអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា

0
1292

(ភ្នំពេញ)៖ ទោះបីជាគណបក្សសង្គ្រោះជាតិ អង្គការចាត់តាំងផ្នែកនយោបាយរបស់បដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូលយ៉ាងណាក្តី ប៉ុន្តែកម្លាំងនៃអង្គការចាត់តាំងនេះនៅតែបន្តធ្វើសកម្មភាពបំផ្លាញកម្ពុជាតាមរូបភាពផ្សេងៗ ដោយធ្វើសកម្មភាពញុះញង់ជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ តាមប្រភពព័ត៌មានដែលស្និទ្ធិនឹងអតីតគណបក្សសង្គ្រោះជាតិ ស្រ្តីម្នាក់ឈ្មោះ ឆែម ចាន់នឿន ជាអតីតប្រធានចលនាស្ត្រីបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ និងជាសមាជិក សមាគមខ្មែរកម្ពុជាក្រោម កំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ ដោយជ្រកក្រោមស្លាកទូរទស្សន៍អនឡាញ ធីអិនអឹម (TNM)។

ប្រភពព័ត៌មានបានបង្ហាញថា សកម្មភាពរបស់ស្ត្រីឈ្មោះ ឆែម ចាន់នឿន នេះគឺជាការអនុវត្តផែនការរបស់អង្គការ អាយឌីអាយ (IDI-Inclusive Development International) ដែលដឹកនាំដោយជនបរទេសឈ្មោះ ដាវីដ ប្រេត ដែលបច្ចុប្បន្នមានមូលដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបង្កចលាចលសង្គម និងមានផែនការបំផ្លាញការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខាងមុខ។

ស្ត្រី ឆែម ចាន់នឿន ធ្លាប់បានធ្វើសកម្មភាពជាច្រើនកាលពីមុនគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយថែមទាំងប្រមាថជីវិតថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងញុះញង់ ប្រជាពលរដ្ឋនៅតាមជាយដែនឱ្យស្អប់ខ្ពើមជាតិសាសន៍ថែមទៀត។ នៅពេលនេះស្ត្រីរូបនេះបាន និងកំពុងតែប្រើប្រាស់ទូរទស្សន៍អនឡាញ ធីអិនអឹម ក្នុងការញុះញង់ប្រជាពលរដ្ឋដែល មានជម្លោះដីធ្លីនៅតាមបណ្តាខេត្តផ្សេងៗឱ្យធ្វើការតវ៉ានៅទីតាំងផ្ទាល់ និងធ្វើការតវ៉ានៅរាជធានីភ្នំពេញ។

ស្ត្រី ឆែម ចាន់នឿន ត្រូវបានគេដឹងថា ជាអតីតអ្នកយកព័ត៌មានរបស់ទូរទស្សន៍អនឡាញខ្មោចបក្សប្រឆាំង (CNRP TV Online) ហើយបានបន្លំខ្លួនជ្រកក្រោមស្លាក ធីអិនអឹម ដើម្បីបន្តបម្រើនយោបាយដ៏ពិសពុលរបស់ក្រុមបក្សប្រឆាំងរបស់ខ្លួន។ ស្ត្រី ឆែម ចាន់នឿន ដែលប្រើប្រាស់និន្នាការលម្អៀងទៅរកបក្សប្រឆាំង និងបន្តផែនការញុះញង់ជាជាងធ្វើជា អ្នកសារព័ត៌មាននោះ បានធ្វើសកម្មភាពញុះញង់ប្រជាពលរដ្ឋមានជម្លោះ ដីធ្លីជាច្រើនកន្លែង។ សកម្មភាពញុះញង់ដែលគួរឱ្យកត់សម្គាល់គឺកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងវត្តសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ ស្ត្រី ឆែម ចាន់នឿន បានញុះញង់ក្រុមប្រជាពលរដ្ឋ ខេត្តកោះកុង ឱ្យប្រគល់ឯកសារឱ្យខ្លួនដោយបានលើកឡើងពីជោគជ័យដែលខ្លួន បានកាន់សំណុំរឿងដីធ្លីនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ខេត្តព្រះវិហារ។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ត្រី ឆែម ចាន់នឿន ត្រូវបានគេឱ្យដឹងថា ជាអ្នកបំផុសបំផុលញុះញង់ប្រជាពលរដ្ឋជាង១០០នាក់ តំណាងឱ្យ ៣០២គ្រួសារមកពីភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានផលប៉ះពាល់ជាមួយក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គារ ភ្នំពេញ ស៊ូហ្គារ ផ្លែនថេសិន ហ្វធូនរ ខូអិលធីឌី ឡើងមកតវ៉ានៅមុខក្រសួងដែនដី នគរូបនីយកម្ម។

សកម្មភាពរបស់ស្ត្រី ចាន់នឿន ត្រូវបានគេវាយតម្លៃថា ធ្វើសកម្មភាពនយោបាយច្រើនជាងផ្សាយព័ត៌មាន។ សកម្មភាពរបស់ស្ត្រី ចាន់នឿន នេះគឺមានភាពស៊ីសង្វាក់គ្នានឹងផែនការ របស់អង្គការ IDI ដែលអង្គការនេះបានគាំទ្រថវិកាមួយចំនួនដល់បណ្តាអង្គការសង្គមស៊ីវិលមួយចំនួន នៅកម្ពុជាដូចជាសម្ព័ន្ធសមាគមកសិករកម្ពុជា (CCFC) វិទិកាអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) រួមនឹងអង្គការខុមហ្វ្រែល និកហ្វិក និងអង្គការអាន់ ហ្វ្រែលជាដើម ដើម្បីធ្វើសកម្មភាពរំខានបង្ខូច និងបំផ្លាញការបោះឆ្នោតនៅកម្ពុជា ក្រោយពីដឹងថា ខ្មោចបក្សសង្គ្រោះជាតិដែលខ្លួនគាំទ្រជាយូរមកហើយនោះ មិនអាចស្រោចស្រង់ឱ្យរស់ឡើងវិញ គ្មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ។

អ្វីដែលពួកគេសហការញុះញង់ បង្កចលាចលក្នុងចំណោមប្រជាពលរដ្ឋមានជម្លោះដីធ្លីនេះ គឺពួកគេកំពុងព្យាយាមចិញ្ចឹមទំនាស់នៅហ្នឹងកន្លែងដើម្បី ផ្តល់ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំងមានលេសដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ទាញទម្លាក់នូវទំនុកចិត្តរបស់ប្រជាជនលើដំណោះស្រាយដីធ្លីរបស់រាជ រដ្ឋាភិបាលកម្ពុជា ហើយជាពិសេសជាងនេះទៅទៀត គឺក្រោមខ្សែញាក់របស់អង្គការ IDI ក្រុមអ្នកនយោបាយប្រឆាំងបានយកទូរទស្សន៍អនឡាញធីអិនអឹមនេះ ប្រើប្រាស់ដើម្បីបំពងសំឡេងក្នុងចេតនា៖ ទី១៖ ផ្តល់គ្រាប់បន្ថែមឱ្យទៅក្រុមប្រឆាំង និងជាពិសេសក្រុមការងារបេសកកម្មរបស់សហភាពអឺរ៉ុបដែលនឹងធ្វើដំណើរមកកម្ពុជា ជាឯកតោភាគីនាពេលខាងមុខដើម្បីវាយប្រហារលើកម្ពុជា ទី២៖ មានចេតនាបង្កើតភាព ចលាចលសង្គមដើម្បីបំផ្លាញការបោះឆ្នោតនាពេលខាងមុខ និងទី៣) ដើម្បីញុះញង់បង្កឱ្យពលរដ្ឋមានកំហឹង និងការខឹងសម្បារចំពោះអាជ្ញាធរ និងគណបក្សកាន់អំណាចដើម្បីឈានទៅដល់ការអនុវត្តផែនការបដិវត្តន៍ ពណ៌របស់ខ្លួនដែលបានរៀបចំទុកជាយូរមកហើយនោះ។

តើគេគួរតែបណ្តោយឱ្យក្រុមជនក្បត់ជាតិ ក្រុមវង្វេងជាតិបម្រើបរទេស ឃុបឃិតជាមួយបរទេសបន្តបំផ្លាញជាតិកម្ពុជាតទៅទៀតទេ? ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ច្រើនដងរួចមកហើយថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងតែមាននេះ និងមិនអនុញ្ញាតឱ្យជនណាម្នាក់បំផ្លាញសុខសន្តិភាពដែលរកបានដោយពិបាកនេះទេ។

ដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរធ្វើការស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់តាមភាពចាំបាច់ទៅលើស្ត្រី ឆែម ចាន់នឿន រួមនឹងបណ្តាញនៅពីក្រោយនេះដើម្បីទប់ស្កាត់រាល់សកម្មភាព ប៉ុនប៉ងបំផ្លាញជាតិទាំងឡាយ និងរក្សាសេចក្តីសុខជូនប្រជាជនកម្ពុជា៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៨

Facebook Comments
Loading...