ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់បានប្រើអំពើហឹង្សា និងបង្អត់បាយ ក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ អស់ររយៈពេល៤ឆ្នាំមកហើយ នៅកន្លែងលក់សម្លៀកបំពាក់ ផ្ទះលេខ១៧អា ជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជនជាតិចិនខាងលើ ឈ្មោះ ម៉េង រ័ត្នពិសី ហៅភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើ។
មុនពេលឈានទៅដល់ការចាប់ខ្លួនស្ត្រីម្នាក់ខាងលើគឺក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្ត្រីខាងលើរករឿងទាំងអ្នកជិតខាង ហើយថែមទាំងគំរាមវាយស្ត្រីម្នាក់ នៅក្បែរនោះ ដែលចេះឈឺឆ្អាលរឿងគេ។បន្ទាប់ពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្ត្រីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី។