ភ្នំពេញ ៖ មន្ត្រីនគរបាលជាតិម្នាក់ក្នុងចំណោមបក្សពួក៤ទៅ៥នាក់ ដែលបានប្រើអំពើហិង្សាលើយុវជនម្នាក់វាយដំយ៉ាងព្រៃផ្សៃ កាលពីយប់ថ្ងៃទី២៤ ឧសភា នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ឧសភា ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
មន្ត្រីនគរបាលរូបនោះ មានឈ្មោះ សុន ពិសាល ភេទប្រុស អាយុ២៥ឆ្នាំ មានឋានន្តរស័ក្តិជាព្រិន្ទបាលឯក និងមានតួនាទី ជានាយរងផ្នែកបន្ទប់ពិសោធន៍នៅនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្ត្រ មានអាស័យដ្នានស្នាក់នៅផ្ទះលេខ២៦៣បេ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំមកដល់មន្ទីរពេទ្យ ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។ ក្រុមគ្រួសារយុវជនរងគ្រោះបានអំពាវនាវដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួចយកទៅដាក់ក្នុងក្រសួងមហាផ្ទៃដោយគ្មានការទទួលខុសត្រូវបន្តិចណាសោះ ។ ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឱ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែអំពើចិត្តបែបនោះ ។