(ភ្នំពេញ)៖ នៅក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនថា នៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យចាស់ទុំ ឬក្មេងខ្ចីទេ គ្មានប្រទេសណាមួយដែលមាន អ្នកចេញទៅបោះឆ្នោត ១០០%ឡើយ រាប់ទាំងប្រទេសដែលមានច្បាប់ចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតដូចជាអូស្ត្រាលីជាដើមផង។ ជាទូទៅអត្រាអ្នកបោះឆ្នោតមានចន្លោះពី ៥០% ទៅ ៩០% ឬមានប្រទេសខ្លះអត្រាអ្នកទៅបោះឆ្នោតទាបជាង៥០% ក៏មាន។ នេះជាដំណើរការធម្មតានៃការប្រើប្រាស់សេរីភាពរបស់ពលរដ្ឋក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត។ ហេតុដូច្នេះហើយបានជានៅលើលោកនេះ គេមិនដែលយកអត្រាអ្នកបោះឆ្នោតដើម្បីទៅឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតឡើយ។
នៅកម្ពុជាក៏មិនខុសពីបណ្តាប្រទេសប្រជាធិបតេយ្យលើលោកដែរ អត្រាអ្នកមិនទៅបោះឆ្នោតក៏មានច្រើនគួរសម។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ១៩៩៨ មានអ្នកទៅបោះឆ្នោតជាង ៩៣% តែក្រោយមកអត្រាអ្នកទៅបោះឆ្នោតធ្លាក់ចុះជាបន្តបន្ទាប់។ ឆ្នាំ២០០៣ មានជាង ៨៣% ឆ្នាំ ២០០៨ មានជាង ៧៥%, ឆ្នាំ ២០១៣ មានជាង ៦៩% ឆ្នាំ ២០០៧ មានត្រឹម ជាង ៦៧% ឆ្នាំ២០១២ មានត្រឹមជាង ៦៥% និងឆ្នាំ ២០១៧ ឡើងវិញបន្តិចដល់ជាង ៩០%។ ដូច្នេះបើគិតជាមធ្យម មានអ្នកមិនទៅបោះឆ្នោតចន្លោះពី ២០% ទៅ ២៥% នៅរៀងរាល់ការបោះឆ្នោតម្តងៗ។ ដោយរម្លេចតែឆ្នាំ២០១៣ ដែលមានអតីតគណបក្សសង្គ្រោះជាតិចូលរួម អត្រាអ្នកមិនទៅបោះឆ្នោតមានរហូតដល់ជាង ៣០% ឯណោះទោះបីជាលោក សម រង្ស៊ី កាលណោះដើរកៀរគរអ្នកគាំទ្រគ្មានសល់អំបាតមួយក៏ដោយ។មិនទៅបោះឆ្នោតដោយសារមូលហេតុផ្សេងៗជាច្រើន អាចមកពីពួកគេគ្មានគណបក្សដែលត្រូវជ្រើសរើស, មកពីពួកគេមិនចាប់អារម្មណ៍រឿងនយោបាយ ឬមកពីមូលហេតុផ្សេងៗទៀត។
សម្រាប់ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ លោក សម រង្ស៊ី បានធ្វើយុទ្ធនាការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយគាត់និយាយបែបម៉ៅការថា អ្នកមិនទៅបោះឆ្នោតមានន័យថា ជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ។ ការអះអាងបែបនេះមកពីគាត់បូកលេខច្រឡំ ឬអាចថាវង្វេងចូលក៏ថាបាន។ លោក សម រង្ស៊ី ប្រហែលភ្លេចគិតថា មានអ្នកបោះឆ្នោតជាច្រើនដែលមិនទៅបោះឆ្នោតដោយមូលហេតុផ្សេងៗដូចបានលើកឡើងខាងដើមទោះជាមាន គណបក្សរបស់គាត់ ចូលរួមក៏ដោយ។
សូម្បីអ្នកម៉ៅការសំណង់ ក៏គេចេះផាត់ថ្លៃវត្ថុធាតុដើម ថ្លៃកម្លាំងពលកម្ម និងថ្លៃចំណាយផ្សេងៗទៀតចេញដែរ ទើបគេរកឃើញ ប្រាក់ចំណេញ។ តែលោក សម រង្ស៊ី ខ្សោយគណិតវិទ្យាជាងអ្នកម៉ៅការសំណង់ឆ្ងាយណាស់។ សម្រាប់ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ខាងមុខ គេជឿថា ក៏នឹងមាន ពលរដ្ឋមួយចំនួនមិនចេញទៅបោះឆ្នោត ដោយសារ មូលហេតុដូចបានលើកឡើងខាងដើម។ ដោយហេតុថា ជាមធ្យមមានអ្នកមិនទៅបោះឆ្នោត ២៥% ដូច្នេះ លោក សម រង្ស៊ី ត្រូវយកចំនួនអ្នកមិនទៅបោះឆ្នោតទាំងអស់ មកដក ២៥% ចេញសិនទើបគេអាចប្រហែលរកឃើញចំនួនអ្នកគាំទ្របក្សសង្គ្រោះជាតិ ពិតប្រាកដ នេះមិនទាន់គិតគូរដកចំនួនអ្នកដែលខកចិត្តនិងឈឺចាប់ដោយសារការចាញ់បោក រឺ
ការហួសចិត្តនឹងអំពើក្បត់ជាតិផ្សេងៗដូចជាការចុះហត្ថលេខាកាត់ខេត្ត៤ អោយជនជាតិភាគតិចដេហ្កាយួន ។ល។
ដូច្នេះគណិតវិទ្យាម៉ៅការតាមរូបមន្ត សម រង្ស៊ី «ដេកផ្ទះឈ្នះឯង» គឺពិតជាការយល់ច្រឡំថា «បាយបិណ្ឌ ជាបាយបាតហើយ»។
លោកពិតជាត្រូវរៀនគណិតវិទ្យាឡើងវិញហើយៗក៍ត្រូវរៀនផ្នែកវិទ្យាសាស្ត្រសង្គមផងដែរ ព្រោះការបោះឆ្នោតគឺជារឿងចិត្តសាស្រ្ត «Mathematics and Politics are two different things. Election is a Psychological subject »។ ដោយសារតែខ្សោយគណិតវិទ្យាបែបនេះហើយបានជាគាត់បូកលេខខុសពីលទ្ធផលជាក់ស្តែងរហូត ហើយបានក្លាយជាជើងឯកខាងភូតលំដាប់អន្តរជាតិ។
សុភាសិតបូរាណខ្មែរពោលថា ភូតច្រើនចាញ់អាត្មា ពោលគឺ លោក សម រង្ស៊ី ភូតច្រើនពេកហើយ គឺភូតរហូតដល់អស់អ្នកជឿ។ ពីដំបូងគាត់រំពឹងថា បើតុលាការហ៊ានរំលាយបក្ស សង្គ្រោះជាតិប្រជាជនជិតកន្លះនគរនឹងងើបតវ៉ា។ តែដល់ពេលតុលាការរំលាយគណបក្សនេះមែន បែរជាស្ងាត់ឈឹង គ្មានអ្នកងើបតវ៉ាដូចគាត់រំពឹងទុកឡើយ។ ស្ថានភាពនេះបាន ធ្វើឲ្យអតីតមេដឹកនាំគណបក្សមួយនេះស្រឡាំងកាំង។ ទោះយ៉ាងណា ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រ លោក សម រង្ស៊ី បន្តភូតថា សហគមន៍អន្តរជាតិនឹងអន្តរាគមន៍ ឲ្យអតីតគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតខែកក្កដាបាន។ តែទីបំផុតគ្មានឡើយកិច្ចអន្តរាគមន៍ក្រៅពីការ និយាយរបស់បុគ្គលនេះ បុគ្គលនោះ ឬរដ្ឋាភិបាលបរទេសខ្លះបានធ្វើជាស្រែកបន្តិចបន្តួចឲ្យមានសំឡេងដើម្បីឲ្យលោក សម រង្ស៊ី អស់ចិត្តតែប៉ុណ្ណោះ។
ក្រោយពីបរាជ័យលើសមរភូមិការទូត លោក សម រង្ស៊ី ក៏បែរមកព្យាយាមរារាំងមិនឲ្យគណបក្សផ្សេងៗចូលរួមបោះឆ្នោតដោយទុកឲ្យគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឯកបក្សដើម្បីងាយស្រួលគាត់មានលេសបង្ខូច បង្កាច់។ ប៉ុន្តែ មានដូចគាត់និយាយឯណា គណបក្សដល់ទៅ ២០ បានចុះឈ្មោះប្រកួតក្នុងនោះមានទាំងបក្ស បំបែកខ្លួនពីសង្គ្រោះជាតិ មួយចំនួនផងដែរ។ ស្ថានភាព នេះបានធ្វើឲ្យលោក សម រង្ស៊ី ស្រឡាំងកាំង ឡើងភាន់ភាំងស្មារតីជាថ្មីម្តងទៀត។
ឥឡូវនេះទោះជាអង្ករក្លាយជាបាយទៅហើយក្តី ក៏លោក សម រង្ស៊ី នៅតែបន្តបោកអ្នកគាំទ្ររបស់គាត់ថា កុំទៅបោះឆ្នោតគឺឈ្នះ។ ឈ្នះយ៉ាងម៉េចទៅបើគ្មានច្បាប់ណាចែងអំពីអត្រា អ្នកបោះឆ្នោតផងហ្នឹង។ ពេលទ័លច្រកមែនទែនលោក សម រង្ស៊ី អះអាងបែបវង្វេង ច្រឡំបល់ថា អ្នកមិនទៅបោះឆ្នោតជាអ្នកគាំទ្របក្សសង្គ្រោះជាតិ។ គាត់ស្មានតែពលរដ្ឋខ្មែរល្ងង់ តែពលរដ្ឋដូចខ្ញុំ និងពលរដ្ឋខ្មែរជាច្រើនទៀតសម័យនេះមានល្ងង់ឯណា។ គេបានបូកលេខឃើញលើគោកអស់ទៅហើយពោលគឺយកចំនួនអ្នកមិនទៅបោះឆ្នោត ដកចេញ យ៉ាងតិច២៥% គេនឹងឃើញចំនួនអ្នកគាំទ្រលោក សម រង្ស៊ី ដែលមិនទៅបោះឆ្នោតនោះហើយៗក្នុងនោះក៍កំភ្លេចរាប់បញ្ចូលផងដែរនូវចំនួនអតីតអ្នកគាំទ្រដែលខកចិត្ត ហួសចិត្តនិងចាញចិត្តមិនគួរឆោតល្ងង់ចាញ់បោកអតីតបក្សប្រឆាំង។
នេះជាមេរៀនគណិតវិទ្យាសាមញ្ញ សាមញ្ញ បែបកូនក្មេងដែលលោក សម រង្ស៊ី និងបក្សពួកគេត្រូវរៀនបន្ថែម បើមិនដូច្នេះទេ ទីបំផុតលោកនឹងនៅសល់តែសំបកខ្លួន និងមនុស្សជុំវិញខ្លួនមួយដំបរស្វារប៉ុណ្ណោះដែលបន្តគាំទ្រ។ តិចលោក្រុមរបស់លោកច្រឡំម៉ៅការបូកទាំងអ្នកស្លាប់ទៅហើយថា ជាអ្នកបោះឆ្នោតឲ្យគាត់ដែរទៅ???
ដោយ៖ សាស្ត្រាចារ្យ
វិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម