ខេត្តព្រះវិហារ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨) –រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ មន្ទីរបរិស្ថាន និងប្រជាសហគមន៍ សហការជាមួយ នាយកដ្ឋានបេតិកភណ្ឌនៃអគ្គសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានបោះបង្គោលស៊ីម៉ង់ចំនួន៤០ដើម នៅទីតាំងសំខាន់ៗមួយចំនួនស្ថិតនៅតាមព្រំប្រទល់តំបន់បេតិកភណ្ឌ ធម្មជាតិភ្នំត្បែង ដើម្បីកំណត់ព្រំប្រទល់តំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។ ការបោះបង្គោលព្រំនេះ បង្កភាពងាយស្រួលដល់មន្ត្រីឧទ្យានុរក្ស ក្នុងការចុះបំពេញការងារដើរល្បាតព្រៃនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ និងពង្រឹងការងារអនុវត្តច្បាប់ដើម្បីការពារព្រៃឈើ និងសត្វព្រៃជាដើម។
ទទួលថវិកាគាំទ្រពីម្ចាស់ជំនួយ Rainforest Trust ការបោះបង្គោលដើម្បី កំណត់ព្រំប្រទល់នេះ អនុវត្តដោយមានចូលរួមពីប្រជាជនសហគមន៍ ព្រមទាំងបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់ផងដែរ។ ដំណើរការ ពិគ្រោះយោបល់ជាមួយប្រជាសហគមន៍ ដែលដឹកនាំដោយមន្ទីរបរិស្ថាន ខេត្តព្រះវិហារ អភិបាលស្រុក និងមេឃុំ បានបង្ហាញដល់អ្នកពាក់ព័ន្ធនូវ អនុក្រឹតបង្ហាញទីតាំងត្រូវបោះបង្គោល បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ តំបន់ការពារធម្មជាតិ ព្រមទាំងបានបកស្រាយចម្ងល់នានារបស់ប្រជាជន សហគមន៍ពាក់ព័ន្ធនឹងការបោះបង្គោលព្រំនេះ។ ការចូលរួមរបស់ប្រជាជន សហគមន៍ក្នុងការងារបោះបង្គោលកំណត់ព្រំប្រទល់នេះ គឺជាឱកាសដ៏ សំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹង និងធានាដល់ការគាំទ្រសម្រាប់ សកម្មភាពអភិរក្សនាពេលអនាគតផងដែរ។
លោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បាននិយាយថា៖ “តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង គឺជាទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា បានចាក់ទុកជាកន្លែងទីសក្ការបូជា និងក៏ជាកន្លែងដែលមានសក្តានុពល សម្រាប់វិស័យទេសចរណ៍ធម្មជាតិផងដែរ។ ជារៀងរាលឆ្នាំ ប្រជាពលរដ្ឋជាច្រើននាក់ បានឡើងទៅលើភ្នំត្បែងនេះដើម្បីធ្វើការគោរព បួងសួង និងកំសាន្តជាដើម។ ការបញ្ចប់ការងារបោះបង្គោលព្រំនេះ គឺជាជំហ៊ានដំបូងក្នុងការបង្កើតផែនការអភិរក្សតំបន់នេះហើយវានឹងជួយឲ្យប្រជាជនសហគមន៍បានដឹងអំពីទីតាំងព្រំប្រទល់តំបន់ការពារ ព្រមទាំងផ្តល់ជាមូលដ្ឋានសម្រាប់ ការរៀបចំផែនការដើរល្បាតរបស់ មន្ត្រីឧទ្យានុរក្សផងដែរ។”
លោក សុខា បានបន្តថា៖ “ការធ្វើដំណើរទៅបោះបង្គោលដើម្បីកំណត់ ព្រំប្រទល់តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ជួបប្រទះការលំបាកច្រើន ប៉ុន្តែដោយសារការសម្របសម្រួល និងការបំពេញការងារជាក្រុម ពួកយើងបានឈានទៅសម្រេចគោលដៅដូចដែលបានគ្រោងទុក។”
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង គ្របដណ្តប់លើទំហំផ្ទៃដីប្រមាណ ២៥២៦៩ហិកតា និងមានរយៈកម្ពស់ រហូតដល់៤០០ម៉ែត្រ។ ភ្នំត្រែងត្រូវបានដាក់ជាតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០១៦ និងជាផ្នែកដ៏សំខាន់មួយនៃអាងស្តុកទឹកប៉ែកខាងលើស្ទឹងសែនដែល ជាដៃនៃបឹងទន្លេសាប។
លោក Chris Hamley ទីប្រឹក្សាបច្ចេកទេសអង្គការWCSប្រចាំតំបន់ ខ្ពង់រាបភាគខាងជើងក្នុងខេត្តព្រះវិហារ បាននិយាយថា៖ ខ្ពង់រាប និងព្រៃឈើនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង គឺជាអាងស្តុកទឹកដើរ តួនាទីយ៉ាងសំខាន់ក្នុងការការពារទីជម្រាល និងទប់ស្កាត់គ្រោះធម្មជាតិ ដូចជាការបាក់ដីជាដើម។ ការធានាបាននូវការគ្រប់គ្រងរយះពេលយូរ អង្វែងនៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងជីវចម្រុះនៅក្នុងតំបន់នេះ នឹងផ្តល់តម្លៃផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍ និងមនុស្សជំនាន់ក្រោយៗទៀត។