កិច្ចប្រជុំស្តីពីបញ្ហាការដណ្តើមទីផ្សារខ្នាតតូចដោយជនបរទេសក្នុងខេត្តព្រះសីហនុ

0
12123

យោងតាមសំណូមពររបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០១៨ ក្រសួងពាណិជ្ជកម្មបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហានៃការដណ្តើមទីផ្សារខ្នាតតូចដោយជនបរទេស ដែលកើតមាននៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងក្រសួងការបរទេស អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន-នាយកដ្ឋានជំនាញនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ និងសាខាពន្ធដារ ព្រមទាំងផ្នែកពាក់ព័ន្ធរបស់ខេត្តព្រះសីហនុ។

កិច្ចប្រជុំបានស្តាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន រួមមានរបាយការណ៍របស់មន្ទីរពាណិជ្ជកម្ម មន្ទីរការងារ និងមន្ទីរទេសចរណ៍ ជុំវិញនឹងបញ្ហាដែលបានកើតមាននៅក្នុងខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍បានបង្ហាញថា កម្ពុជាគឺជាទិសដៅវិនិយោគមួយដ៏សំខាន់នៅក្នុងតំបន់ ដែលមានកំណើនគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ ការវិនិយោគផ្ទាល់ពីបរទេសនៅខេត្តព្រះសីហនុមានកំណើនយ៉ាងគំហុកក្នុងអំឡុងឆ្នាំ២០១៧ ដែលភាគច្រើនលើវិស័យសណ្ឋាគារ និងកាស៊ីណូ។ ដោយឡែក ជនបរទេសដែលកំពុងស្នាក់នៅប្រកបអាជីវកម្មខេត្តព្រះសីហនុមានចំនួន ១៥ សញ្ជាតិ ដូចជា អាឡឺម៉ង់ អ៊ីតាលី ហ្វីលីពីន ទួកគី អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីស្រាអែល ជប៉ុន បារាំង ចិន រុស្សី អាមេរិក អង់គ្លេស និងកូរ៉េ។ ក្នុងចំណោមណ្តាជនជាតិទាំងនេះ ជនជាតិចិនមានចំនួនច្រើនជាងគេ និងមួយចំនួនកំពុងតែប្រកបអាជីវកម្មខ្នាតតូច ដូចជា កាត់សក់ លក់គ្រឿងទេស លក់គ្រឿងសំណង់ ម្ហូបអាហារ បន្លែ និងផ្លែឈើ ប្តូរប្រាក់ និងអាហារដ្ឋាន ដែលបានបង្កជាក្តីកង្វល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលប្រកបមុខរបរខាងលើនោះ។

ឆ្លើយតបនឹងបញ្ហានេះ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាទៅលើលិខិតបទដ្ឋានច្បាប់ដែលពាក់ព័ន្ធនានា ក្នុងនោះរួមមានកញ្ចប់សន្យារបស់កម្ពុជាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក កិច្ចព្រមព្រៀងអាស៊ាន-ចិន ច្បាប់ស្តីពីការងារ ច្បាប់អន្តោប្រវេសន៍ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតដែលពាក់ព័ន្ធ។

ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានលើកឡើងអំពីការយល់ដឹងអំពីច្បាប់ជាតិ និងអន្តរជាតិរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាននៅមានកម្រិត កង្វះខាតបទប្បញ្ញតិ្តជាតិសម្រាប់គ្រប់គ្រងជនបរទេសក្នុងការធ្វើអាជីវកម្មខ្នាតតូច និងការកំណត់មុខរបរនៅកម្ពុជា និងភាពនៅមានកម្រិតនៃការផ្លាស់ប្តូរព័ត៌មានរវាងអន្តរក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាចម្បងដែលធ្វើឲ្យបញ្ហាដែលបានលើកឡើងខាងលើនេះ នៅមិនទាន់មានការដោះស្រាយបានពេញលេញនៅឡើយ។

ជាចុងបញ្ចប់ តំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីអនុវត្តច្បាប់ឲ្យបានជាប្រចាំ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារមុខរបរតូចតាចជូនប្រជាពលរដ្ឋខ្មែរ។ កិច្ចប្រជុំក៏បានឯកភាពលើដំណោះស្រាយបឋមមួយចំនួន ដូចជា បង្កើនការផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានច្បាប់ យកចិត្តទុកដាក់តាមដានស្ថានការណ៍ជាប្រចាំ បង្កើតឲ្យមានមន្ត្រីបង្គោលសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធដល់មន្ត្រីមូលដ្ឋាន ព្រមទាំងពិនិត្យលទ្ធភាពកំណត់ ឬបង្កើតបទប្បញ្ញត្តិថ្មីលើការកំណត់មុខរបរតូចតាច ស្តង់ដាសម្រាប់ការស្នាក់នៅ ការគ្រប់គ្រងចលនាចេញ-ចូលនៃជនបរទេសជាដើម។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

Facebook Comments
Loading...