ខេត្តមណ្ឌលគិរី៖ សិស្សនិស្សិតមហាវិទ្យាល័យភូមិន្ទកសិកម្មចំការដូងប្រមាណជា ២៤នាក់ ដែលបានចុះមកទស្សនកិច្ចសិក្សានៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលកាលពីរសៀលថ្ងៃទី ៥ខែធ្នូឆ្នាំ២០១៧ម្សិលមិញនេះ។
បើតាមការលើកឡើង របស់តំណាងក្រុមនិស្សិត បានឲ្យដឹងថា ការដឹកនាំក្រុមនិស្សិតមហាវិទ្យាល័យភូមិន្ទកសិកម្មចំកាដូង ចុះមកទស្សនកិច្ចសិក្សានៅក្នុងខេត្តមណ្ឌលគិរី ដើម្បីសិក្សាស្វែងយល់ការគ្រប់គ្រងព្រៃឈើ កសិឧស្សាហកម្ម បរិស្ថានជាដើម។
នៅក្នុងការជួបសំណេះសំណាលនោះដែរ លោក កែវ សុភ៌គ ប្រធានបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការងារគ្រប់គ្រងធនធានធម្មជាតិរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គឺទី១ការងារអនុវត្តច្បាប់ទី២ការងារការពារសត្វព្រៃនិងព្រៃឈើ ទី៣ការងារអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ទី៤ការងារទេសចរណ៍ធម្មជាតិ ។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តទៀតថា ការងារគ្រប់គ្រងព្រៃឈើនៅក្នុងខេត្តមណ្ឌលគីរីរួមមាន៖ដែនជំរកសត្វព្រៃស្នួល ដែនជំរកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជំរកសត្វព្រៃភ្នំណាមលៀរ និងដែនជម្រកសត្វព្រៃលំផាត់។ហើយនាពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់ សហគមន៍តំបន់ការពារធម្មជាតិទាំង៩ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។
ចំពោះការងារដែលមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អនុវត្តត្រូវអនុវត្តបន្ត គឺការងារគ្រប់គ្រងសំណល់រឹង សំណល់រាវ និងការបំពុល បច្ចុប្បន្ននេះសំរាមជាបញ្ហាមួយដល់សង្គម ពីព្រោះនៅក្នុងខេត្តមណ្ឌលគិរី មានតែក្រុងសែនមនោរម្យ ដែលបានទទួលសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើការគ្រប់គ្រងសំរាម ដោយក្រសួងបរិស្ថាន បានប្រគល់កញ្ចប់ថវិកាអនាម័យមួយចំនួនដល់ក្រុងសែនមនោរម្យ ធ្វើការសំអាតដោយសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ហើយការងារគ្រប់គ្រងបញ្ចេញកាកសំណល់គឺជាការងាមួយអាទិភាពផងដែរនៅក្នុងក្រុងសែនមនោរម្យ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តបានចុះធ្វើការអប់រំនិងណែនាំដល់ម្ចាស់កសិដ្ឋានមួយចំនួន ឲ្យយល់ដឹងពីការគ្រប់គ្រងកាកសំណល់ ចំណែកការប្រើប្រាស់ការបំពុលក៏ជាការមួយសំខាន់ណាស់ ដែលមន្ទីរបរិស្ថានខេត្តត្រូវការគ្រប់គ្រងឲ្យបានម៉ត់ចត់ ទៅតាមប្រព័ន្ធអូរមួយចំនួន ជាពិសេសរ៉ែ ពីព្រោះបច្ចុប្បន្ននេះមានការបំពុលយ៉ាងខ្លាំង ពីការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ ដោយប្រើជាតិគីមីមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សនិងសត្វ ព្រៃឈើក៏ជាដូចជីវចំរុះនៅក្នុងទឹកមួយចំនួនផងដែរ៕ ដោយ(មនោរម្យ)