ភ្នំពេញ: សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសពីពេលវេលាសម្រាប់ការប្រកួតជើងឯកជាតិឆ្នាំ២០១៧ ហើយគឺប្រកួតពីថ្ងៃទី៣ដល់ទី៧ធ្នូ នៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្នុងមួយក្លិប ឬ មួយសមាគមអាចដាក់ពាក្យចូលរួមប្រកួតបានតែមួយក្រុមប៉ុណ្ណោះដែលក្នុងនោះត្រូវមានកីឡាករយ៉ាងតិច៥រូប។ ក្រុមនីមួយៗត្រូវលេង ៥ប្រកួតក្រុមគឺវាយទោល៣ប្រកួត និងវាយគូចំនួន២ប្រកួតក្រុមដែលឈ្នះ ៣ប្រកួតចាត់ទុកថាជាក្រុមឈ្នះ។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមានវាយទោល និង វាយគូបុរសអាយុ១៩ឆ្នាំឡើង ។វាយគូ និង វាយទោលអាយុក្រោម១៩ឆ្នាំ វាយទោល និង វាយគូអាយុក្រោម១៧ឆ្នាំ ។វាយទោលអាយុក្រោម១៥ឆ្នាំយុវជន និង វាយទោលអាយុក្រោម១៣ឆ្នាំកុមារា ។
ចំពោះនារីមានវិញ្ញាសាវាយទោល និង វាយគូអាយុ១៩ឆ្នាំឡើង និង វិញ្ញាសាវាយទោលនារីអាយុក្រោម១៩ឆ្នាំ ។ការប្រកួតអនុវត្តន៍តាមរូបមន្តជម្រុះ(Knock-Out) តែសម្រាប់វិញ្ញាសាក្រុមបើមានក្លិបចូលរួមតិចជាង៤ក្រុមមិនធ្វើការប្រកួតឡើយ បើមានចាប់ពិ៥ក្រុមឡើងប្រកួតតាមរូបមន្តជម្រុះ ។
លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថាលុយដែលក្រសួងអប់រំយុវជន និង កីឡាតម្រូវឲ្យចាយវាយសម្រាប់ការប្រកួតមានចំនួន៦.៧៥០ដុល្លារ(ជាង២៧លានរៀល)តែសម្រាប់ការប្រកួតនេះនឹងត្រូវចំណាយអស់រហូតដល់ទៅ១២.៨០០ដុល្លារ ។ពេលនេះសហព៧ន្ធកំពុងតែបន្តស្វះស្វែងរកដៃគូឧបត្ថម្ភ និង សប្បុរសជនដើម្បីយកមកបំពេញបន្ថែមឲ្យគ្រប់ ។
លោកអគ្គលេខាធិការរងបានឲ្យដឹងទៀរដែរថាសម្រាប់ឆ្នាំនេះរង្វាន់នឹងមានការកើនឡើងជាងបណ្ដាឆ្នាំកន្លងមក ។សម្រាប់វិញ្ញាសាវាយក្រុមចំណាត់ថ្នាក់លេខ ១បានមេដាយមាស ៧គ្រឿងអមជាមួយទឹកប្រាក់៧៥០.០០០រៀល លេខ២មេដាយប្រាក់៧គ្រឿង អមជាមួយប្រាក់រង្វាន់៥០០.០០០រៀល និង លេខ ៣មេដាយសំរិទ្ធ៧គ្រឿង និងរង្វាន់អមចំនួន៤០០.០០០រៀល ។
វិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ ១បានមេដាយមាស និងរង្វាន់អម២០០.០០០រៀល លេខ២ មេដាយប្រាក់ និង រង្វាន់អម១៥០.០០០រៀល និង លេខ៣បានមេដាយសំរិទ្ធនិងទឹកប្រាក់១០០.០០០រៀល ។
វិញ្ញាសាវាយគូលេខ ១បានមេដាយមាស ២គ្រឿងអមជាមួយរង្វាន់៤០០.០០០រៀល លេខ ២បានមេដាយប្រាក់២គ្រឿង និង រង្វាន់អម៣០០.០០០រៀល និងលេខ ៣បានមេដាយសំរិទ្ធ២គ្រឿងជាមួយទឹកប្រាក់អម២០០.០០០រៀល ។