រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅដើមខែធ្នូ គឺចាប់ពីថ្ងៃទី២ ដល់ទី៣ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច មានប្រសាសន៍ក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាពលរដ្ឋកម្ពុជា។
តាមប្រសាសន៍របស់លោកជំទាវ ម៉ែន សំអន ការរៀបចំពិធីនេះ គឺដោយសារព្រះរាជាណាចក្រកម្ពុជាបានទទួលសេចក្តីសុខសប្បាយ និងមានសេ្ថរភាពនយោបាយ ប្រែក្លាយពីប្រទេសក្រលំបាកក្នុងសង្រ្គាម មកជាប្រទេសដែលកំពុងអភិវឌ្ឍគ្រប់វិស័យ។ ការរៀបចំពិធីសាសនានេះសោត គឺស្របទៅតាមគោលការណ៍រាជរដ្ឋាភិបាល ក្នុងការបតិបត្តិព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
ការរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅលើទឹកដីអង្គរនេះ តាមការលើកឡើងរបស់លោកជំទាវ ម៉ែន សំអន ព្រោះថា អង្គរជាទឹកដីអច្ឆរិយ ដែលមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបុព្វបុរសសម័យមុន បន្សល់ទុក។ ដូច្នេះពិធីបួងសួងនេះ ក្រៅពីសេចក្តីសុខចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ក៏ជាការដឹងគុណដល់បុព្វបុរស ដែលបន្សល់ទុកនូវប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលយើងត្រូវរួមគ្នា ថែរក្សាឱ្យបានគង់វង្ស ដើម្បីជាការដឹងគុណផងដែរ។
ក្នុងពិធីចុះពិនិត្យទីតាំងដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ដែលគ្រោងធ្វើនៅដើមខែធ្នូ ខាងមុខ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះដែរ មានការចូលរួមពីលោកជំទាវ ម៉ែន សំអន លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំមួយចំនួនទៀត។
គួរបញ្ជាក់ថា ក្នុងពិធីបួងសួងនោះដែរ គឺនឹងមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងមានការរាប់បាត្រដោយមានព្រះសង្ឃចំនួន ៥០០០អង្គ។ តាមរយៈនេះ លោកជំទាវ ម៉ែន សំអន បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យចូលរួម អបអរសាទរ ដើម្បីទទួលកុសលផលបុណ្យរៀងៗខ្លួន៕