ទស្សនៈនយោបាយ៖ ជនក្បត់ជាតិគ្មានមាតុភូមិទេ

0
49575

មាតុភូមិគឺជាដែនដីកំណើតរបស់ជនគ្រប់រូបដែលបានរស់នៅចងក្រងជាជាតិសាសន៍ មួយ ពូជអំបូរណ៍មួយ អាស្រ័យដោយប្រពៃណី ទំនៀមទំលាប់ ភាសា និងជំនឿ។ល។ ដូចគ្នា… មាតុភូមិគឺជាដួងព្រលឹងរបស់យើងទាំងអស់គ្នា ។ ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីគឺជាដួងព្រលឹងរបស់មាតុភូមិដែលគ្មានអ្នកណាអាចកាត់ថ្លៃបាន ឬលក់ដូរបានតាម អំពើចិត្ត។ មាតុភូមិដែលបាត់ដួងព្រលឹងគឺជាទឹកដីខ្មោច។ ជនដែលបាត់មាតុភូមិគឺជាមនុស្ស ដែលគ្មានតម្លៃ។ ហេតុនេះ យើងត្រូវតែរក្សាឲ្យបានដួងព្រលឹងរបស់យើងគឺមាតុភូមិ ហើយត្រូវ រក្សាដួងព្រលឹងរបស់មាតុភូមិដើម្បីជាតិយើង ប្រទេសយើង មានកិត្តិយស សេចក្តីថ្លៃថ្នូរ មានមោទនភាពនៅលើពិភពលោក។

image

មាតុភូមិកម្ពុជាធ្លាប់បាត់បង់ឯករាជ្យអស់រយៈពេលប្រមាណជិត១០០ឆ្នាំ ទើបទទួល បានមកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះ បាទសម្តេចព្រះនរោត្តម សីហនុ ។ ពេលនេះប្រជាជនយើងបាននឹងកំពុងត្រៀមខ្លួនធ្វើបុណ្យ រំព្ញកខួបលើកទី៦៤ទិវាឯករាជ្យជាតិជាមួយក្តីសប្បាយរីករាយចំពោះជោគជ័យទៅលើពពួក ជនក្បត់ជាតិនៃគណបក្សសង្រ្គោះជាតិដែលបានប៉ុនប៉ងលក់ឯករាជ្យជាតិ អធិបតេយ្យជាតិ យ៉ាងថោកទាបបំផុតទៅឲ្យសហរដ្ឋអាមេរិក និងនាំយកកម្ពុជាទៅដាក់ក្រោមនឹមអាណានិគម បរទេសម្តងទៀត។ យើងគួររំព្ញកឡើងវិញថា ក្រោយពេលដែលប្រទេសទទួលបានឯករាជ្យនៅ ឆ្នំា១៩៥៣មាតុភូមិយើងបានទទួលសុខសន្តិភាពអស់រយៈពេល១៧ឆ្នាំ បើទោះបីជាមានការ រំខានពីកម្លាំងនយោបាយនៅខាងក្នុងដោយមានការរុកកួនពីកម្លាំងខាងក្រៅក្តី ប៉ុន្តែយ៉ាងហោចណាក៏យើងបានស្គាល់ពន្លឺសន្តិភាពដែរ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បនក្បត់ជាតិលន់នល់ សិរិមតៈ អ៊ិនតាំ ចេងហេង លន់ណុន បានអោនក្បាលធ្វើជាឆ្កែបម្រើ ជាអាយ៉ង ជាខ្ញុំកញ្ចះដាច់ថ្លៃរបស់អាមេរិក ធ្វើរដ្ឋប្រហារផ្តួលរំលំសម្តេចព្រះនរោត្តមសីហនុ រំលាយចោលរបបរាជានិយមនៅកម្ពុជា បង្កើតឲ្យមានភ្លើងសង្គ្រាមសន្ធោរសន្ធៅនៅលើមាតុភូមិកម្ពុជា។ កម្ពុជាបានបាត់បង់ទាំងស្រុងនូវឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ។ ប្រជាជនកម្ពុជាបានធ្លាក់ទៅក្នុងសោកនាដកម្ម ស្លាប់បាត់បង់ជីវិត និងរស់នៅព្រាត់ប្រាស់ បែកបាក់គ្រួសារ រត់ចាកចោលភូមិដ្ឋានក្នុងក្តីវិនាសហិនហោច។ រដ្ឋប្រហារនេះគឺជាបច្ច័យដែលបង្កើតឲ្យមានរបបប្រល័យពូជ ប៉ុលពតនៅកម្ពុជា។ ពេលនោះមិនមែនត្រឹមតែឯករាជ្យជាតិ អធិបតេយ្យជាតិ ត្រូវបាត់បង់ប៉ុណ្ណោះទេ សូម្បីតែប្រជាជាតិកម្ពុជាក៏វិះតែរលាយបាត់រូបពីលើ ពិភពលោកនេះដែរ។ នេះហើយជាស្នាដៃរបស់បនក្បត់ជាតិលន់នល់ ដែលអាមេរិកយកមក ប្រើប្រាស់ដើម្បីផលប្រយោជន៍របស់ពួកគេ។

ជាថ្មីម្តងទៀត នៅឆ្នាំ២០១៣ ពពួកជនក្បត់ជាតិមួយក្រុមទៀតដែលអាមេរិកបានបណ្តុះបណ្តាលត្រូវយកមកប្រើប្រាស់នៅកម្ពុជាក្រោមរូបភាពនៃការធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងបង្កើតឲ្យមានចលាចល បង្កជាភ្លើងសង្រ្គាម វិនាសហិនហោចនៅលើទឹកដីកម្ពុជា។ ជនក្បត់ជាតិកឹមសុខា សមរង្ស៊ី គឺជាខ្ញុំកញ្ចះដាច់ថ្លៃលើសពីដាច់ថ្លៃ ជាជនថោកទាបលើសពីថោកទាប ដោយសារតែចង់បានអំណាចបែរជាអោនក្បាលតត្រុកលក់ឯករាជ្យជាតិ និងអធិបតេយ្យជាតិទៅឲ្យអាមេរិក និងពួកបរទេសខ្លះទៀត។ ដោយគ្មានការរារែក ដោយគ្មានការខ្មាស់អៀន និងដោយគ្មានញញើតតក់ស្លុតបន្តិចណាទាល់តែសោះនោះ កឹមសុខាបានសារភាពដោយ ញញឹមអំពើរបៀបដែលខ្លួនត្រូវបានអាមេរិកប្រើប្រាស់ឲ្យធ្វើនេះ ឲ្យធ្វើនោះ តាមតែអំពើចិត្ត។ សមរង្ស៊ីក៏ដូចគ្នាអញ្ចឹងដែរ។ នៅពេលនិយាយទាមទារឲ្យបរទេសផ្តាច់ជំនួយមកកម្ពុជា ទាមទារឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា ទាមទារឲ្យបរទេសធ្វើការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច និង នយោបាយរបស់កម្ពុជា គឺគាត់និយាយបានពិរោះ ក្លៀវក្លាណាស់ ស័ក្តសមជាជនក្បត់ជាតិ ពិតៗឥតមានក្លែងបន្លំបន្តិចណាឡើយ។ ពពួកជនដែលលក់ឯករាជ្យជាតិ លក់អធិបតេយ្យជាតិ និងបានក្លាយទៅជាជនក្បត់ជាតិទាំងប៉ុន្មាននេះ ខ្លះកំពុងជាប់គុក ខ្លះកំពុងរត់ចោលស្រុក ហើយនៅតែដេកស្រមើស្រមៃ រំពឹងទៅលើពួកបរទេសដែលចៅហ្វាយនាយថានឹងអាចយិតយោងពួកខ្លួនឲ្យបានដូចដើមវិញ។ ទុកឲ្យពួកគេសង្ឃឹមផ្កាយលើមេឃចុះ។

យើងទាំងអស់គ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវតែថែរក្សាឲ្យបានខឿន ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃមាតុភូមិយើងឲ្យបានគង់វង្ស ដោយលើក កម្ពស់មោទនភាពជាតិឲ្យខ្ពស់ត្រដែតត្រដឹមឡើង។ មោទនភាពជាតិ និងមាតុភូមិកម្ពុជាគឺជា របស់ប្រជាជនកម្ពុជា។ ចំណែកជនក្បត់ជាតិគ្មានមោទនភាពជាតិទេ គ្មានមាតុភូមិទេ ។ ទោះជា ពួកជនក្បត់ជាតិរស់នៅក្នុងស្ថានភាពបែបណា ឬកំពុងរស់នៅទីណាវាជារឿងរបស់ពួកគេ ព្រោះពួកនេះគ្មានមាតុភូមិទេ។ ប៉ុន្តែមាតុភូមិកម្ពុជាអាចរស់បានក្នុងកិត្តិយស មោទនភាព និងសេចក្តីថ្លៃថ្នូរគ្រប់គ្រាន់ដោយ មិនចំាបាច់មានជនក្បត់ជាតិទាំងនេះឡើយ។

ដោយៈ លី ទួង

 

Facebook Comments
Loading...