គម្រោងអភិរក្សក្រុមប្រាសាទព្រះពិធូរបើកសម្ពោធបន្ទប់ពិសោធន៍បម្រើដល់ការងារអភិរក្សជួសជុល

0
30300

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរបានបើកម្ពោធជាផ្លូវការនូវបន្ទប់ពិសោធន៍ ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រជាច្រើនបម្រើដល់ការងារអភិរក្សជួសជុលនៅក្នុងក្រុមប្រាសាទព្រះពិធូរ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Jeong Jun Gilប្រធានKOICAប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ីម សួ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Park Seung Yoo អគ្គកុងស៊ុលរបស់ស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ព្រមមន្ត្រីបុគ្គលិកជាច្រើនរូបទៀត។

លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងជួសជុលនេះបញ្ជាក់ថា គម្រោងអភិរក្សជួសជុលក្រុមប្រាសាទប្រាសាទព្រះពិធូរមានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់ប្រមាណ៤លានដុល្លារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះមានការងារចម្បងៗចំនួន៥ដែលត្រូវអនុវត្តគឺ ការងារស្រាវជ្រាវចងក្រងឯកសារ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរា ការជួសជុលរានហាលនៃប្រាសាទកោរសក់ រោងព័ត៌មាន និងបន្ទប់ពិសោធន៍នេះ។

ដោយឡែកបន្ទប់ពិសោធន៍នេះបំពាក់ដោយសម្ភារៈទំនើបៗដែលមិនធ្លាប់មាននៅកម្ពុជា មានដូចជា ឧបករណ៍ពិសោធន៍ភាពរឹងមាំរបស់ថ្ម UTM ម៉ាស៊ីនកាត់ថ្ម ម៉ាស៊ីនMicroscope និងឧបករណ៍វាស់ទឹកក្រោមដីជាដើម ដែលចំណាយថវិកាសរុបជាង១លានដុល្លារ និងដាក់ឲ្យដំណើរការចាប់ពីឆ្នាំ២០១៧នេះតទៅ។

ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានបង្ហាញនូវមោទនភាពនៃទំនាក់ទំនងយ៉ាងរលូនរវាងអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋកូរ៉េ ដែលឈានមកដល់ការសហការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូររួមគ្នានៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់ពិសោធន៍នៅពេលនេះ គឺជាសក្ខីភាពនៃដំណើរការយ៉ាងជោគជ័យជាបណ្តើរៗនៃគម្រោងជួសជុល។ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះដៃគូគម្រោងដែលបានយកចិត្តទុកលើការងារបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរទាំងបច្ចុប្បន្ន និងអនាគត៕

Facebook Comments
Loading...