អភិបាលខណ្ឌបឹងកេងកង ណែនាំអាជ្ញាធរនិងកងកម្លាំងមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ នាបុណ្យភ្ជុំបិណ្ឌនេះ ខណៈពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តនានា

0
334

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានណែនាំអោយសង្កាត់ទាំង៧ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅលេងស្រុកកំណើតឬទៅកម្សាន្តតាមបណ្តាលខេត្តអស់ពីផ្ទះ។

លោក សុខ សម្បត្តិ បានមានប្រសាសន៍លើកឡើងថា នាឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ អាជ្ញាធរខណ្ឌ និងសង្កាត់​ទាំង៧ ព្រមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ដាក់វេនប្រចាំបញ្ជា និងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដោយត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បី​ធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោក សុខ សម្បត្តិ បានលើកឡើងថា មន្ត្រីសាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ ត្រូវប្រើប្រាស់​កម្លាំង​អោយបានគ្រប់គ្រាន់តាមគោលដៅទាំងអស់ ពិសេស តាមទីតាំង វត្តអារាម សាលារៀន និងទឹកន្លែងកំសាន្តនានា។ ហើយកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមាន​ការទទួល​ខុស​ត្រូវ​ខ្ពស់ ដោយបានកំណត់គោលដៅដែលអាចមានបញ្ហា ពិសេសដីឡូត៍ដែលទុកចោលទំនេរ ផ្ទះ​ទុកចោល ត្រូវផ្សព្វផ្សាយឲ្យម្ចាស់ទីតាំងនីមួយៗសំអាត កាប់ឆ្ការព្រៃឲ្យអស់ ពីព្រោះ​ទីតាំង​បែបនេះ គឺជាការផ្ដល់ជំរកឲ្យជនអាណាថា ក្មេងហិតកាវ សេពគ្រឿងញៀនជាដើម ហើយ​ពួកនេះក៏អាចបង្កជាបទល្មើស លួច ឆក់ ប្លន់ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាយ។

អភិបាលខណ្ឌបឹងកេងកង បាននបន្ថែមថា គណៈបញ្ជាការឯកភាពខណ្ឌត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយ​សម្រួល​ចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ចៀសវាងការកកស្ទះចរាចរណ៍។ ជាមួយគ្នានេះ លោក សុខ សម្បត្តិ ក៏បានណែនាំ​សមត្ថកិច្ចគ្រប់​គ្រង​មុខ​សញ្ញាគ្រប់ប្រភេទឱ្យបានម៉ត់ចត់ ជនបរទេសដែលស្នាក់នៅផ្ទះសំណាក់សណ្ឋាគារ ខុនដូ ជាដើម ដោយបង្កើនការភ្ជាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់។ គ្រប់សាលាសង្កាត់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នឹង​ត្រូវរាយការណ៍រាល់សកម្មភាពក្នុងមូលដ្ឋានជូនគណៈបញ្ជាការឯកភាពខណ្ឌឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយលោកសុខ សម្បត្តិ បានលើកឡើងពីការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយមន្ត្រីខណ្ឌទាំងអស់ ព្រមទាំងសង្កាត់ទាំង៧ ត្រូវយល់ឲ្យច្បាស់ពីរការសម្រេចនេះ ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានយល់ពីការដកខ្លួនចេញពី (CLV-DTA)នេះមែន តែរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីភាពរីកចំរើនរបស់ប្រជាពលរដ្ឋនៅតាមបណ្តោខេត្តជាប់ព្រំដែន។ ដោយត្រូវជឿទុកចិត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

Facebook Comments
Loading...