សម្ដេចធិបតី ហ៊ុន ម៉ាណែត ! បើរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន សូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ!

0
211

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ! ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?។

ក្នុងនោះផងដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងទៀតថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។ ហើយដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ៕

Facebook Comments
Loading...