ថ្នាក់នឹកនាំ ព្រះសង្ឃ មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង វាយគងទូងស្គរ គោះត្រដោកអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ

0
184

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខណ្ឌបឹងកេងកងទាំងមូល នៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤នេះបានរៀបចំពិធីវាយគង ទូងស្គរ គោះត្រដោក អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពុំធ្លាប់មានជាង២ពាន់ឆ្នាំមកហើយនោះ នៅមុខសាលាខណ្ឌ តាមសង្កាត់ និង វត្តអារាមនានា។

ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះឡើងចំពេលដែលប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលដ៏មហោឡារឹកអធិកអធមពុំធ្លាប់មានរាប់ពាន់ឆ្នាំមកហើយនោះ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត៤រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រនិងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ឱ្យដឹងនៅក្រោយការអបអរសាទពិធីជាតិនេះថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗដែលនឹងនាំឱ្យកម្ពុជាមានឯករាជ្យភាពសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត។ មិនតែប៉ុណ្ណោះប្រជាជនរាប់លាននាក់ដែលរស់អមសងខាងផ្លូវទឹកដ៏សំខាន់នេះនឹងទទួលបានផលប្រយោជន៍ជាច្រើនទៀតនាពេលខាងមុខនេះ៕

Facebook Comments
Loading...