ភ្នំពេញ ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ១១ពាន់លានដុល្លារអាមេរិក ជាមួយបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP។
ប្រភពដដែលបានគូសបញ្ជាក់ថា តួលេខពាណិជ្ជកម្មខាងលើនេះ មានការកើនឡើង ១៤% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ កម្ពុជា សម្រេចបានការនាំចេញជាង ៣ពាន់ ៣រយលានដុល្លារអាមេរិក ទៅកាន់បណ្តាប្រទេស RCEP ដែលកើនឡើង ១៦% ខណៈការនាំចូលមកវិញ កម្ពុជា បាននាំចូលទំនិញជាង ៧ពាន់ ៨រយលានដុល្លារអាមេរិក កើន ១៣%។គោលដៅនាំចេញកំពូលរបស់កម្ពុជា ក្នុងសមាជិក RCEP រួមមាន វៀតណាម ប្រទេសថៃ និងសិង្ហបុរី។ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹងដែរថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មាន ១៥ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងរដ្ឋសមាជិកទាំង ១០ នៃអាស៊ាន និងដៃគូពាណិជ្ជកម្មចំនួន ៥ គឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕