សៀមរាប ៖ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។
លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន៕