លោកសុខ សម្បត្តិ ណែនាំអោយមន្រ្តីនិងសមត្ថកិច្ចក្រោមឱវាទអនុវត្តអោយបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧

0
294

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីរសៀ​ល​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ បានណែនាំអោយ កងកម្លាំង ប្រដាប់អាវុធ,អាជ្ញាធរសង្កាត់ទាំង៧ និងមន្ទីរទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ត្រូវអនុវត្តអោយបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកសុខ សម្បត្តិ បានលើកឡើងថា៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ កញ្ញាឆ្នាំ២០២៣ បានលើកឡើងអំពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្របញ្ចកោណ ៥នេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា៖ ការបើកកិច្ចប្រជុំនាពេលនេះ គឺដើម្បីជម្រុញអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់,អាជ្ញាធរសង្កាត់ទាំង៧ និងការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌបឹងកេងកង អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយទទួលបានជោគជ័យ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជម្រុញការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកអោយប្រជាពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ ក៏បានជម្រុញអោយកងកម្លាំងមានសមត្ថកិច្ច ត្រូវសំលៀងកាំបិតអោយមុត ដើម្បីបង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការតៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងកឋិនទាន ដែលនិងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

Facebook Comments
Loading...