ប្រធានាធិបតីរុស្ស៊ី និងចិន ផ្ញើសារអបអរសាទរដល់លោក គីម ជុងអ៊ុន ក្នុងខួបលើក ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង

0
408

បរទេស ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធីបតីចិន ស៊ី ជីនពីង នៅថ្ងៃសៅរ៍នេះ សុទ្ធតែបានផ្ញើសារអបអរសាទរដល់លោក គីម ជុងអ៊ុន ក្នុងខួបលើក ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

លោក វ្ល៉ាឌីមៀរ ពូទីន បានគូសបញ្ជាក់ថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដោយឈរលើគោលការណ៍មិត្តភាព ភាពជាអ្នកជិតខាងល្អ និងការគោរពគ្នាទៅវិញទៅមក” ។

លោក ពូទីន បានសរសេរនៅក្នុងលិខិតមួយថា “ប្រទេសទាំងពីរបានអនុលោមយ៉ាងពេញលេញជាមួយនឹងផលប្រយោជន៍នៃប្រជាជនរបស់យើង ហើយក៏បានរួមចំណែកដល់ការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានផងដែរ” ។

ចំណែក លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងចិន-កូរ៉េខាងជើង ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា ពិធីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង (៩ កញ្ញា ១៩៤៨ ដល់ ៩ កញ្ញា ២០២៣) នៅទីក្រុងព្យុងយ៉ាងក៏មានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីរបស់លោក ខណៈគណៈប្រតិភូចិនដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីលោក Liu Guozhong ក៏មានវត្តមាននៅទីលានលោក គីម អ៊ីលសុង ផងដែរ ៕

 

Facebook Comments
Loading...