ភ្នំពេញ ៖ ការក្តោបក្តាប់អំណាច ការងារគ្រប់បែបយ៉ាងនៅក្នុងខណ្ឌព្រែកព្នៅ របស់កូនចៅ ដែលជាជំនួយការលោកធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្ទុយអំពីការបែងចែកភារកិច្ចការងារ របស់មន្ត្រីតាមលំដាប់ថ្នាក់នៃសាលាខណ្ឌព្រែកព្នៅ ដោយចាប់តាំងពីលោកធឹម សំអាន បានផ្លាស់មកកាន់ទួនាទីជាអភិបាលខណ្ឌមួយរយៈមកនេះបានធ្វើឲ្យបញ្ហាប្រេះឆាអាចឈានដល់ការបែកបាក់សាមគ្គីផ្ទៃក្នុង និងសតិអារម្មណ៍យ៉ាងខ្លាំងពីមន្ត្រីនៅក្នុងសាលាខណ្ឌព្រែកព្នៅ រហូតដល់តាមបណ្តាសង្កាត់ទៀតផង។
មតិដែលបែកធ្លាយចេញពីសាលាខណ្ឌបានឲ្យដឹងថា បន្ទាប់ពីលោកធឹម សំអាន បានមកកាន់ទួនាទីជាអភិបាលខណ្ឌព្រែកព្នៅមក បាននាំមន្ត្រីទាំងពេញសិទ្ធ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើន អោយមកក្តោបកិច្ចការយ៉ាងច្រើនក្នុងខណ្ឌ និងតាមបណ្តាសង្កាត់យ៉ាងណែនក្នុងដៃប្រមាណជិត១ឆ្នាំមកនេះ ក្នុងនោះទាំងអភិបាលរងខណ្ឌព្រែកព្នៅ មន្ត្រីក្នុងខណ្ឌ និងតាមបណ្តាលសង្កាត់នៅក្នុងខណ្ឌនេះ មានសតិអារម្មណ៍យ៉ាងខ្លាំងសម្រាប់ការងារទទួលផែនរបស់ខ្លួននីមួយៗ តាមរយៈការបើកភ្លើងខៀវ ឬកំអែលអំណាចពីលោកអភិបាលខណ្ឌរូបនោះ។
បុគ្គលិកមន្ត្រីរាជការក្នុងសាលាខណ្ឌ និងសង្កាត់រួមទាំងសមត្ថកិច្ចផងដែរ និយាយដោយការចំអកថា ជំនួយការលោកធឹម សំអាន ប្រមាណជាង១០នាក់ គឺជាអភិបាលខណ្ឌផុតលេខ ដោយសារអភិបាលរងដែលជាសេនាធិការឲ្យចៅហ្វាយខណ្ឌ មិនមានតួនាទីអ្វីឡើយ ព្រោះកិច្ចការគ្រប់បែបយ៉ាងស្ថិតនៅក្នុងអំណាចអស់លោកជំនួយការទាំងនោះ ដែលជាអ្នកប្រមូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងមូលដ្ឋានផង ហើយសិទ្ធិសម្រេចគ្រប់បែបយ៉ាង ស្ថិតនៅក្នុងភាពអត្តនោមតិ ឬទំនើងចិត្តរបស់អស់លោកជំនួយការទាំងនោះ។ បើមន្ត្រីមិនមែនជាបក្សពួករបស់លោកអភិបាលខណ្ឌទេ ធ្វើអ្វីក៍ខុសដែរ ចំណែកមន្ត្រីបក្សពួករបស់ខ្លួនវិញផឹក ស៊ី ឡូឡា ឈ្លោះគ្នាយ៉ាងអនាធិប្បតេយពេញសាលាខណ្ឌ ស្ទើររៀងរាល់ថ្ងៃក៍មិនមានកំហុសនោះឡើយ។
ចំណែកបញ្ហាតាមបណ្តាសង្កាត់វិញ បើមានកម្មវិធីអ្វីមួយបើទោះជាមានអភិបាលរងចូលរួមតែលោកធឹម សំអាន មិនបានចូលរួមក៍ដោយក៍មានជំនួយការលោកអភិបាល ទៅឃ្លាំមើលនៅគ្រប់កម្មវិធីតែម្តង ហាក់ដូចជាខ្លាចគេធ្វើអ្វីទៅលើខ្លួនដូចច្នេះដែរ។ ដូចពាក្សចាស់លោកពោលថា គោដំប៉ៅខ្នង ឃើញក្អែកហើររំលងរលាស់កន្ទុយ។
បញ្ហានេះ គួរណាស់តែលោកអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅលោក ធឹម សំអាន មេត្តាកែទម្រង់រដ្ឋបាល អនុលោមទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ឲ្យការងារក្នុងអង្គភាពមានភាពរលូន សហការសាមគ្គីផ្ទៃក្នុង ស្របតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផង។ ទាក់ទងនិងករណីនេះគេហទំព័រCSN NEWS មិនអាចសុំការបំភ្លឺពីលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានទេ ដោយសារទួរស័ព្ទតេចូលហើយមិនមានអ្នកលើក និងពេលព្យាយាមអ្នកទាក់ទងទៀតចូលហើយស្រាប់តែចុចបិតចោលតែម្តង តែយ៉ាងណាគេហទំព័រយើងរងចាំការបកស្រាយពីលោកអភិបាលខណ្ឌរាល់ម៉ោងធ្វើការ៕