បរទេស ៖ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដ៏ធំមិនធ្លាប់មាន នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉ូឆេអន ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីតំបន់គ្មានយោធា (DMZ) ហើយនៅជិតព្រំដែនជាមួយកូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំនៅជិតព្រំដែនជាមួយកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងមិនអត់ឱនចំពោះអ្វីដែលពួកគេហៅថា ការហាត់សមការលុកលុយនៅមាត់ទ្វារប្រទេសរបស់ខ្លួនក៏ដោយ។
ជាធម្មតា កូរ៉េខាងជើងតែងតែមានប្រតិកម្ម ចំពោះការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកដ៏ធំបែបនេះ ជាមួយនឹងការធ្វើតេស្តមីស៊ីល និងអាវុធផ្សេងទៀត។ សមយុទ្ធនេះដែរ ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ និងខួបលើកទី ៧០ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង និងអាមេរិកក្នុងឆ្នាំនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរួមគ្នារវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។