មីយ៉ាន់ម៉ាពន្យារពេលយកពន្ធសូន្យលើរថយន្តអគ្គិសនី រហូតដល់ខែមីនា ឆ្នាំ២០២៤

0
377

បរទេស ៖ ក្រសួងផែនការ និងហិរញ្ញវត្ថុមីយ៉ាន់ម៉ា បានប្រកាសថា ប្រទេសមីយ៉ាន់ម៉ាបានសម្រេចចិត្តបន្តការយកពន្ធសូន្យលើរថយន្តអគ្គិសនី (BEVs) រយៈពេលមួយឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ការយកពន្ធសូន្យលើរថយន្តអគ្គិសនី (BEVs) ដែលត្រូវបានដាក់ឱ្យអនុវត្តជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុន បានផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ ក្រសួងផែនការ និងហិរញ្ញវត្ថុមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួនបានកាត់បន្ថយពន្ធលើរថយន្តអគ្គិសនី, គ្រឿងបរិក្ខារពាក់ព័ន្ធ និងគ្រឿងបន្លាស់មកនៅត្រឹមសូន្យភាគរយ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល។

ផែនការនេះមានគោលបំណងលើកទឹកចិត្តដល់ប្រជាជន ឱ្យងាកទៅប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេស និងអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី (EVs) រួមទាំងអាជីវកម្មពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងដំណើរការសាកល្បងគម្រោងចែកចាយរថយន្តអគ្គិសនី (EV) រយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយនាំចូលរថយន្តអគ្គិសនី (EV) និងសាងសង់ស្ថានីយ៍សាកថ្មផងដែរ៕

Facebook Comments
Loading...