ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀត ត្រូវបាននគរបាលខេត្តកំពតចាប់ខ្លួន ក្នុងករណីបោកប្រាស់លុយជិត ៤០លានដុល្លារអាមេរិក ពីប្រជាពលរដ្ឋ

0
298

កំពត បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន សាកសួររកឬសគល់ និងស្ដាប់ពីការរៀបរាប់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងស្ដាប់ការលើកឡើងរបស់ឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នគ្រុបរួច មកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួន ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលចាញ់បោកចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក មានចំនួន ២៤៦១គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ។ ស្នងការដ្ឋាននគរបាលខេត្តកំពតបានសរសេរលើហ្វេសប៊ុកថា “ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ២ ៤៦១គ្រួសារសរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍អស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ “។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់សាព័ត៏មានឲ្យដឹងដា ពិតជាមានការឃាត់ខ្លួនមនុស្សទាំង ៩នាក់នេះមែន។ ហើយបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវសាឯម ប្រធានក្រុមប្រឹក្សាខេត្ត បាន​បើកវេទិកា ដោញស្រាយបញ្ហា​ប្រឈម​ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​បរិវេណ​វត្ត​អង្គ​ឈូក​ ឃុំ​ឈូក​ ស្រុក​ឈូក​ ខេត្ត​កំពត​ ជាមួយ ក្រុមហ៊ុន ជា សារ៉ន។

ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ភាគច្រើនជាអ្នកក្រខ្សត់ សរុបប្រមាណ៦០០០នាក់ បានមកដល់ ​បរិវេណ​វត្ត​អង្គ​ឈូក ដែលម្នាក់ៗសុទ្ធតែអះអាងថា ចាញ់បោកក្រុមហ៊ុនមួយនេះ អស់ម្នាក់ៗរាប់ពាន់ រាប់ម៉ឺនដុល្លារ។ ពលរដ្ឋទាំងនោះជម្រាបជូនអភិបាលថា ក្រុមភ្នាក់ងារក្រុមហ៊ុនមួយនេះ បានប្រើគ្រប់ល្បិច គ្រប់រូបភាព ដើម្បីជម្រុញឱ្យពួកគាត់ ដាក់ប្លង់ដី ប្លង់ផ្ទះ យកលុយមកវិនិយោគទិញដីឡូតិ៍របស់គេ ។

បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន សាកសួររកឬសគល់ និងស្ដាប់ពីការរៀបរាប់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងស្ដាប់ការលើកឡើងរបស់ឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នគ្រុបរួច មកឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួន ក្នុងករណីបោកប្រាស់លុយប្រជាពលរដ្ឋជិត ៤០លានដុល្លារអាមេរិក៕

 

Facebook Comments
Loading...