ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងថា មិនទាន់បានអ្វីផង លោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក និងអតីតមេបក្សប្រឆាំងនៅក្រៅប្រទេស ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ទៅហើយ ហើយសម្តេចតេជោ បានផ្តាំក្រុមប្រឆាំងថា បើមិនស្គាល់នយោបាយទេ កុំធ្វើនយោបាយល្អជាង«ជាមួយ ហ៊ុន សែន អ្នកដែលបង្ក្រាប ហ៊ុន សែន បាន ម៉ោងនេះ អត់ទាន់ចេញពីពោះម្ដាយទេ»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មិនទាន់បានអីផង អាមេ និងកូន ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រីបាត់ ប៉ុន្តែរង់ចាំមើលដល់តែពេលអា ៤, ៥ឆ្នាំទៀតនោះ ចេញមកអាណា ក្នុងពេលឥឡូវនេះចាប់ផ្ដើមអាមុខបេក្ខជននាយករដ្ឋមន្ត្រី…យើងចង់ឲ្យអាហ្នឹងចេញ ចេញមែនៗ…ធូរថ្លៃៗ ពេកហើយៗ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រសិនបើក្រុមប្រឆាំង មិនស្គាល់នយោបាយទេ កុំធ្វើនយោបាយល្អជាង។ «ជាមួយ ហ៊ុន សែន អ្នកដែលបង្ក្រាប ហ៊ុន សែន បាន ម៉ោងនេះ អត់ទាន់ចេញពីពោះម្ដាយទេ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
ទោះជាមិនបញ្ចេញឈ្មោះ តែគេអាចដឹងថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសំដៅលើលោក ស៊ន តារា អ្នកអត្ថាធិប្បាយតាមហ្វេសប៊ុក ដោយសម្ដេចថា បុគ្គលរូបនេះ បានចូលអន្ទាក់របស់សម្ដេចហើយ៕