អាជ្ញាធរខណ្ឌបឹងកេងកង ជំរុញការយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ និង សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន

0
277

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកង លើកទី៤៤ អណត្តិទី៣ នាព្រឹកថ្ងៃទី២៦ ខែមករានេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានណែនាំដល់កងកម្លាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការ ការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាន នូវរាល់បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ។
លោក អភិបាលខណ្ឌ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាព គឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ដែលជាកត្តាដ៏សំខាន់ក្នុងការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ បើគ្មាន សន្ដិសុខសុវត្ថិភាពទេ ការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់នូវភាពសុខសាន្ដ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា យើងទាំងអស់ ត្រូវរួមគ្នា ទប់ស្កាត់ឲ្យខាងតែបាន រាល់បទល្មើសទាំងឡាយដែលកើតមានឡើង ដូចជាល្បែងស៊ីសង ការផលិតចែកចាយនិងជួញដូរគ្រឿងញៀន ទប់ស្កាត់ការជួញ ដូរមនុស្ស។ ដូចនេះទាំងកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីទប់ស្កាត់ឲ្យបាន ទាន់ពេលវេលា ត្រូវរៀបចំក្រុមត្រួតពិនិត្យអាវុធជាតិផ្ទុះធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃ រៀបចំក្រុមល្បាតក្នុងមូលដ្ឋាន ទាំងថ្នាក់ខណ្ឌនិងថ្នាក់សង្កាត់ និងត្រូវរាយការ ជាប្រចាំ ឲ្យបានទាន់ពេលវេលាដើម្បីមានវិធានការឆ្លើយតប។
លោកបន្ថែមថា ដោយឡែក លើបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ដូចជាផ្លូវម៉ៅសេទុង ផ្លូវមុនីវង្ស ជាដើមត្រូវរៀបចំឲ្យមានរបៀបរៀបរយ ពិសេសការចតយានយន្ដគ្រប់ប្រភេទ ការទុកដាក់សម្រាម និង ការបញ្ចេញសម្រាម ព្រោះថាកន្លងមកនេះ តាមលំនៅដ្ឋាន និង ទីតាំងអាជីវកម្ម១ចំនួន ចតយានយន្ដគ្មានសណ្ដាប់ធ្នាប់ ចតលើទ្រូងផ្លូវ ធ្វើឲ្យផ្លូវតូចចង្អៀត ស្ទះចរាចរ បង្កឲ្យមានគ្រោះថ្នាក់ចរាចរ។ ចំពោះបញ្ហាសម្រាមវិញ តាមលំនៅដ្ឋាន និង ទីតាំងអាជីវកម្ម ត្រូវមានអ្នកបោសសំអាត ធ្វើអនាម័យ និងមិនត្រូវបញ្ចេញសម្រាមមុនពេលរថយន្ដប្រមូលសម្រាមមកដល់នោះឡើយ។
ជាចុងក្រោយ លោក អភិបាលខណ្ឌបានណែនាំដល់មន្ដ្រីជំនាញ ត្រូវចុះធ្វើ កំណត់ហេតុ និងកិច្ចសន្យា បញ្ឈប់សកម្មភាព ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នេះ ហើយបើថ្ងៃក្រោយនៅតែកើតមានទៀត រដ្ឋបាលខណ្ឌនឹងចាត់ វិធានការ ដោយមិនបណ្ដោយ ឲ្យរឿងដដែលៗនេះកើតមានតទៅទៀតឡើយ។
ក្នុងនោះផងដែរលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាពសណ្ដាធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនវៀតណាម ដែលទើបកន្លងទៅនាពេលថ្មីៗនេះ។តែទោះជាយ៉ាងនេះក្ដី ជាបន្ដសូមយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ កាន់តែល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពក្សេមក្សាន្ដនិងសុភមង្គល។
ក្នុងកិច្ចប្រជុំនោះដែរ មន្ដ្រីរាជការ ២រូបត្រូវបានប្រកាសតែងតាំង តាមដីការសម្រេចរបស់សាលារាជធានីភ្នំពេញ ទី១ គឺលោក មុត ពិសី ឲ្យកាន់តំណែងជានាយករងរដ្ឋបាលខណ្ឌបឹងកេងកង និងទី២ លោក អ៊ុន ប៊ុនថន ឲ្យកាន់តំណែងជានាយករងរដ្ឋបាលសាលាខណ្ឌបឹងកេងកងផងដែរ៕

Facebook Comments
Loading...