ភ្នំពេញ ៖ ស្ត្រីជាអាជីវករម្នាក់ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.រំលោ.ភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធប្រើប្រាស់សែកស្អុយជាង១០ម៉ឺនដុល្លារអាមេរិក។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឃុយ ភាព ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរកាត់ដេរ រស់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកអង្គហេតុដែលបណ្តាលឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យរូបនោះ ត្រូវបានគេដឹងថា កាលពីអំឡុងឆ្នាំ២០២០ ស្ត្រីឈ្មោះ ឃុយ ភាព ជាមនុស្សស្គាល់គ្នាជាមួយឈ្មោះ អ៊ូ ណាឡា បានទៅនិយាយត្អូញត្អែអង្វរលួងលោមសុំខ្ចីប្រាក់ ដើម្បីយកទៅពង្រីកមុខរបររកស៊ី។ ដោយមានការអាណិតអាសូចំពោះអ្នករាប់អានគ្នា ឈ្មោះ អ៊ូ ណាឡា ក៏ព្រមឲ្យឈ្មោះ ឃុយ ភាព (ជនសង្ស័យ) ខ្ចីប្រាក់ជាបន្តបន្ទាប់រហូតដល់ ១០០ ០០០ ដុល្លារអាមេរិក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយជនសង្ស័យបានធ្វើកិច្ចសន្យាមួយឲ្យទៅម្ចាស់ប្រាក់ ចៀសវាងការឈ្លោះប្រកែកគ្នានៅពេលទារលុយនោះមកវិញ។ ក្រោយពេលធ្វើកិច្ចសន្យារួចហើយ ជនសង្ស័យមិនត្រឹមតែមិនសងប្រាក់នោះទេ ថែមទាំងសុំខ្ចីប្រាក់ចំនួន ៤០ ០០០ ដុល្លារអាមេរិកបន្តទៀត ដែលលុយ ៤០ ០០០ ដុល្លារលើកក្រោយនេះ មិនបានធ្វើលិខិតស្នាមនោះទេ។ លុះពេលម្ចាស់លុយគេត្រូវការប្រាក់វិញ ជនសង្ស័យចេះតែសុំពន្យាពេលពីមួយខែទៅមួយខែទៀត ចុងក្រោយទាល់ច្រកហើយ ជនសង្ស័យក៏បានប្រើប្រាស់មូលប្បទានប័ត្រចំនួន៣សន្លឹកឲ្យទៅដើមបណ្តឹង ដើម្បីឲ្យគេជឿទុកចិត្ត តែទីបំផុតមូលប្បទានប័ត្រ៣សន្លឹកនោះ គឺជាសែកស្អុយទាំងអស់។
អង្គហេតុដូចបានរៀបរាប់ខាងលើនេះ ទើបធ្វើឲ្យម្ចាស់ប្រាក់បាត់បង់ជំនឿ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចកងរាជអាវុធរាជធានីភ្នំពេញ ឲ្យជួយចាត់ការលើជនសង្ស័យតាមផ្លូវច្បាប់នោះ។ ចុងក្រោយរឿងខ្ចីលុយគេសុទ្ធ ពេលសងវិញប្រើប្រាស់សែកស្អុយជាង១០ម៉ឺនដុល្លារនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ៕