មេដឹកនាំ ISIS ម្នាក់ត្រូវបានកម្លាំងចម្រុះប្រឆាំងក្រុម ISIS ដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការវាយឆ្មក់បាននៅភាគពាយ័ព្យប្រទេសស៊ីរី

0
770

បរទេស ៖ មេដឹកនាំកំពូលម្នាក់របស់ក្រុម ISIS ត្រូវបានកម្លាំងចម្រុះប្រឆាំងក្រុម ISIS ដឹកនាំដោយសហរដ្ឋអាមេរិក ធ្វើការវាយឆ្មក់បាននៅលើដីគោកភាគពាយ័ព្យប្រទេសស៊ីរី ហើយ“កងកម្លាំងចម្រុះ នឹងបន្តតាមប្រមាញ់សំណល់នៃក្រុមISIS នៅគ្រប់​ទីកន្លែងដែលពួកគេលាក់ខ្លួន ដើម្បីធានាបាននូវការបរាជ័យដ៏យូរអង្វែងរបស់ពួកគេ”។

បើតាមក្រុមចម្រុះប្រឆាំងក្រុម ISIS ដឹកនាំដោយសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយឆ្មក់លើដីគោក ដ៏កម្ររបស់យោធាសហរដ្ឋអាមេរិកនៅភាគពាយ័ព្យប្រទេសស៊ីរី បានចាប់ខ្លួនមេដឹកនាំកំពូលម្នាក់របស់ក្រុម ISIS។ មន្ត្រីការពារជាតិអាមេរិកម្នាក់បាននិយាយថា មិនមានការរងរបួសដល់យោធាអាមេរិក ឬមានយន្តហោះចូលរួមក្នុងការវាយឆ្មក់នេះទេ។

ប្រតិបត្តិការ Operation Inherent Resolve បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងចម្រុះ បានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ក្រុម ISIS ក្នុងអំឡុងពេលប្រតិបត្តិការនៅ ប្រទេសស៊ីរី ថ្ងៃទី១៦ខែមិថុនា។ បុគ្គលដែលត្រូវបានឃុំឃាំង គឺជាអ្នកផលិតគ្រាប់បែកពោរពេញដោយបទពិសោធន៍ និងជាអ្នកសម្របសម្រួលដែលបានក្លាយជាមេដឹកនាំកំពូលម្នាក់របស់ក្រុមនេះ នៅក្នុងប្រទេសស៊ីរី”។Operation Inherent Resolve បន្តថា “បេសកកម្មនេះ ត្រូវបានគ្រោងយ៉ាងល្អិតល្អន់ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតវត្ថុនានា ជាពិសេសការខូចខាតដែលអាចកើតមានចំពោះជនស៊ីវិល។ មិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ឬការខូចខាតណាមួយចំពោះយន្តហោះ ឬទ្រព្យសម្បត្តិរបស់ក្រុមចម្រុះឡើយ”។

គួរបញ្ជាក់ថា ប្រតិបត្តិការជើងគោករបស់យោធាអាមេរិកនៅភាគពាយព្យប្រទេសស៊ីរី បានកំណត់គោលដៅលើមេដឹកនាំកំពូលក្រុម ISIS ជាពិសេសលោក Abu Bakr al Baghdadi ដែលបានសម្លាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ខែតុលាឆ្នាំ ២០១៩ របស់កងកម្លាំង Delta នៅជិតព្រំដែនជាមួយប្រទេសតួកគី។ អ្នកស្នងតំណែងរបស់គាត់ឈ្មោះ Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន ក្នុងអំឡុងពេលនៃការវាយឆ្មក់ស្រដៀងគ្នា ក្នុងខែកុម្ភៈឆ្នាំនេះ។

Operation Inherent Resolve អះអាងថា “កងកម្លាំងចម្រុះ នឹងបន្តតាមប្រមាញ់សំណល់នៃក្រុម ISIS នៅគ្រប់ទីកន្លែងដែលពួកគេលាក់ខ្លួន ដើម្បីធានាបាននូវការបរាជ័យដ៏យូរអង្វែងរបស់ពួកគេ”៕

Facebook Comments
Loading...