ពានរង្វាន់នេះ FIFA World Cup ធ្វើពីមាសសុទ្ធមានទម្ងន់ ៦,១គីឡូក្រាម និងដង្ហែមកដល់កម្ពុជា នាថ្ងៃទី១៥មិថុនានេះ

0
411

ភ្នំពេញ ៖ កាលពីថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការ NOC​C លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមរៀបចំពិធីដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងថា តាមរយៈសំណើរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពក្នុងការដង្ហែពានរង្វាន់ FIFA World Cup នេះ។ នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធានអង្គប្រជុំនៃអន្តរក្រសួងពាក់ព័ន្ធ បានណែនាំឱ្យគ្រប់សមាសភាពត្រៀមរៀបចំលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុយជ្រោយទាំងអស់ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ពិធីដង្ហែ និងពិធីការ។

លោកបន្ថែមទៀតថា ពានរង្វាន់នេះ គឺធ្វើឡើងពីមាសសុទ្ធដែលជាពានរង្វាន់ដើម មានទម្ងន់ ៦,១គីឡូក្រាម ដោយការដង្ហែពាននៅគ្រប់ប្រទេស រួមទាំងកម្ពុជានាពេលខាងមុខឆាប់ៗនេះ គឺដើម្បីចូលរួមអបអរសាទរដល់ការប្រកួតបាល់ទាត់ពិភពលោក ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ នៅទីក្រុងឌូហា ប្រទេសកាតា។

ការដង្ហែពាន FIFA World Cup នេះប្រៀបដូចជាការដង្ហែភ្លើងគប់អូឡាំពិកដែរ ប៉ុន្តែពិធីដង្ហែនេះនឹងជះឥទ្ធិពលល្អ និងផ្តល់ការចាប់អារម្មណ៍នៅជុំវិញពិភពលោក។ អ្វីដែលសំខាន់ គឺនឹងផ្តល់មហាកិត្តិយសសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសនីមួយៗ ដែលទទួលយកនូវការដង្ហែពានរង្វាន់នេះ។ ដូច្នេះពាននេះឆ្លងកាត់ប្រទេសណានឹងជួយលើកកិត្តិយសនៃប្រទេសនោះ ហើយក៏បានផ្តល់ការគាំទ្រចំពោះវិស័យកីឡាបាល់ទាត់ផងដែរ ខណៈកីឡាករបាល់ទាត់ និងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នឹងចូលរួមក្នុងជំនួបនេះដែរ។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពិធីដង្ហែពានរង្វាន់ FIFA World Cup នឹងផ្តល់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយក៏ជាការឆ្លុះបញ្ចាំងការពិតពីសភាពការណ៍របស់កម្ពុជា អំពីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងបង្ហាញពីសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អ ក្នុងការការពារពានរង្វាន់ពិភពលោកនេះ ដោយវាត្រូវបានតាមប្រមាញ់ដោយជនសង្គមងងឹត។ ពាននេះមានទម្ងន់ត្រឹមតែ ៦,១គីឡូក្រាមទេ ប៉ុន្តែការធានារ៉ាប់រងលើគុណតម្លៃ គឺមានរហូតដល់ ២០០លានដុល្លារអាម៉េរិកឯណោះ។ ក្រៅពីនេះ ពាននេះបានផ្សាភ្ជាប់អំពីគុណតម្លៃរបស់មនុស្សជាតិលើពិភពលោកទាំងមូល និងការអប់រំគុណតម្លៃរបស់បាល់ទាត់លើពិភពលោកទៀតផង។

លោកអគ្គលេខាធិការគូសបញ្ជាក់ថា ពិធីដង្ហែពានដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងខិតខំប្រឹងប្រែងធ្វើឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះ ដំណើរការដោយសុវត្ថិភាព និងកិត្តិយសសេចក្តីថ្លៃថ្នូរបស់ជាតិ។ «វាជាឱកាសដ៏ល្អ ក្នុងការកៀរគរការគាំទ្របន្ថែមពីអន្តរជាតិ ចំពេលដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង។ ដូច្នេះអ្វីដែលយើងខិតខំធ្វើនាពេលនេះ គឺដើម្បីបំពេញបន្ថែម នូវអត្ថន័យនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ឱ្យទទួលបានជោគ ជ័យផងដែរ»។

គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្លងកាត់កម្ពុជា ជាលើកដំបូង។ តាមការគ្រោងទុក ពានរង្វាន់ពិភពលោកនេះនឹងត្រូវដឹកតាមជើងហោះហើរពិសេសឯកជន របស់ក្រុមហ៊ុនកូកាកូឡា ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រួចដង្ហែមកវិមានសន្តិភាព ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅពេលរសៀលនឹងដាក់តាំងពិព័រណ៍នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឱ្យមហាជនចូលរួមទស្សនា និងថតរូបអនុស្សាវរីយ៍រហូតដល់ម៉ោង១០យប់ ដោយមានតន្ត្រីសម័យលេងកំដរផងដែរ៕

Facebook Comments
Loading...