សម្តេចតេជោ ហ៊ុន សែន រិះគន់លោក សម រង្ស៊ី ថាជាមនុស្សឆោតល្ងង់ ហើយសរសើរ លោក កឹម សុខា ថាមានភាពឆ្លាតវៃ

0
9844

អាមេរិក ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្តេចតេជោ ហ៊ុន សែន រិះគន់លោក សម រង្ស៊ី ថាជាមនុស្សឆោតល្ងង់ ហើយសរសើរ លោក កឹម សុខា ថាមានភាពឆ្លាតវៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ចំពោះ លោក សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលមិនបានចាប់យកឱកាស ដែលបងប្រុសសម្តេចទទួលមរណភាពនោះ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនសម្តេច ដើម្បីបង្កើតឱកាសនយោបាយ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។

ផ្ទុយពីរិះគន់ លោក សម រង្ស៉ី ថាជាមនុស្សឆោតល្ងង់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានភាពឆ្លាតវៃ បានផ្ញើលិខិតរំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាកាយវិការល្អប្រពៃ ក្នុងនាមអ្នកនយោបាយខ្មែរ ទោះបីជាមាននិន្នាការខុសគ្នាក៏ដោយ។

គួរបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលនោះជាមួយ សម្តេចតេជោ ហ៊ុន សែន មិនបានហៅចំឈ្មោះ លោក សម រង្ស៉ី នោះទេ ដោយសម្តេចបានលើកឡើងថា នៅក្នុងពេលវេលាដែលសម្តេចមានទុក្ខក្រៀមក្រំ ដោយសារតែការទទួលមរណភាព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់សម្តេចនោះ គួរតែជាឱកាសនយោបាយសម្រាប់អ្នកនយោបាយ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែដោយសារការស្អប់ សូម្បីតែសាច់ឈាមយើងស្លាប់ អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើមកយើងវិញ ខ្ញុំអរគុណណាស់ កុំអីគេរុញខ្ញុំទល់នឹងជញ្ជាំង ប្រសិនបើមនុស្សហ្នឹងធ្វើលិខិតចូលរួមរំលែកទុក្ខជាមួយខ្ញុំ ស្មើនឹងរុញខ្ញុំចូលកៀនជញ្ជាំង បើខ្ញុំមិនទទួលមានន័យថា ខ្ញុំមិនទទួលយកនូវការគោរព ដែលគេផ្តល់សម្រាប់យើង ចូលរួមមរណទុក្ខជាមួយយើង ប៉ុន្តែបើខ្ញុំទទួលវាជាការផ្តល់សញ្ញាមួយថា អ្នកនោះអាចមានលទ្ធភាពចូលស្រុកដោយសារលោក ហ៊ុន សែន បានឆ្លើយតប»។

សម្តេចបានបន្ថែមថា៖ «អានេះល្ងង់ជាងស្អីទៀត សូមអរគុណដែលលោកឯងល្ងង់ ឱកាសនយោបាយអ្នកឯងមាន ប៉ុន្តែដោយសារតែអ្នកឯងស្អប់ខ្ញុំ កីឡាករកីឡាការិនីខ្មែរឈ្នះក៏អ្នកឯងមិនអបអរសាទរ ម្តាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណទុក្ខ ខ្ញុំសូមអរគុណអ្នកឯងណាស់ អញ្ចឹងលទ្ធផលទាំងអស់ ល្មមនឹងហ្អែងទទួលទៅ»។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីបានផ្ញើសារចូលរួមរំលែកទុក្ខនោះ លោក កឹម សុខា បានដឹកនាំគណៈប្រតិភូអ្នកនយោបាយប្រឆាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណែង នៅក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសចូលគោរពវិញ្ញាណក្ខន្ធ សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា បានចំណាយពេលជួបពិភាក្សាគ្នាជាពិសេសអស់រយៈពេល៤ម៉ោង ដោយយកផ្លែឈើ និងនំនេក ជាអាហារថ្ងៃត្រង់។

ដោយលើកឡើងអំពីការកោតសរសើរ លោក កឹម សុខា ក្នុងពិធីជួបសំណេះសំណាលដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «យ៉ាងហោចណាស់ ទោះបីជាគាត់ (កឹម សុខា) និងខ្ញុំ មាននយោបាយខុសគ្នា ក៏ដោយ ក៏ប៉ុន្តែខ្ញុំគោរពដល់គាត់ នូវអ្វីដែលជាទង្វើរបស់គាត់ គាត់វ៉ៃតាម Whatsapp មកខ្ញុំៗឆ្លើយ ហើយគាត់សួរថា គាត់អាចមកគោរពវិញ្ញាណក្ខន្ធ បានទេ? ខ្ញុំវ៉ៃត្រឡប់ ទៅវិញថា “សូមអញ្ជើញ” ពេលអញ្ជើញមក ក៏ជក់មាត់និយាយជាមួយគ្នា៤ម៉ោង ព្រោះបើយើងជានយោបាយខុសគ្នាតែយើងខ្មែរជាមួយគ្នា»៕

Facebook Comments
Loading...