ដឹងការពិតហើយ ករណីឃាតកម្ម វាយសម្លាប់ អ្នកទិញអេតចាយ នៅខេត្តព្រះវិហារ   ផ្តើមឡើងដោយមូលហេតុនេះ

0
4977

ព្រះវិហារ ៖ ជនសង្ស័យដែលជាឃាតករ ដែលបានធ្វើសកម្មភាពវាយ សម្លា..ប់យុវជនអ្នកដើរទិញអេតចាយ កាលពីថ្ងៃទី8 ខែឧសភាឆ្នាំ2022  កន្លងទៅ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  ត្រូវបាន កំលាំងនៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បំបែកសំណុំរឿង បានហើយ ដោយបានឃាត់ខ្លួនជនសង្ស័យហើយ មូលហេតុដោយសារ ជនដៃដល់ប្រចណ្ឌ័ ជនរងគ្រោះនិងប្រពន្ធរបស់ខ្លួន លួចទាក់ទងគ្នា។

លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ  បានឲ្យដឹងថា កាលពី វេលាម៉ោង១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័តសរុប ដឹកនាំដោយលោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារបានចុះស្រាវជ្រាវករណីឃា.តក.ម្មមួយករណី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ មុំ ថា អាយុ៣០ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលបានប្រើកាំបិតកា.ប់សម្លា..ប់ទៅលើជនរងគ្រោះឈ្មោះ ទុយ ទឺ អាយុ២៣ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ ប្រកបរបរដើរទិញអេតចាយ។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពី កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ នឹងកំណត់មុខសញ្ញា រយៈពេល៣ថ្ងៃ  រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែ ជិតជើងភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  បន្ទាប់ពី ជនសង្ស័យធ្វើសកម្មភាពកាប់ ជនរងគ្រោះចំនួន៥កាំបិតខ្វែវ រួចគេចខ្លួន ទៅលាក់ខ្លួននៅជើងភ្នំ ។

ក្រោយពី ឃាត់ខ្លួន ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារតែភ្លើងប្រចណ្ឌ ព្រោះតែខឹងជនរងគ្រោះ លួចទំលាក់ទំនងប្រពន្ធរបស់ខ្លួន។តែយ៉ាងណាក៏ដោយ បើយោងតាម សមត្ថកិច្ចមូលដ្ឋានបន្ថែមថា ជនសង្ស័យជាមនុស្សសរសៃប្រសាទ នឹងប្រើប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ។

គួររំលឹកថា ករណីឃាតកម្មនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ មិនដែលស្គាល់គ្នា ជាមួយនឹងជនល្មើស ព្រមទាំងប្រពន្ធជនល្មើសឡើយ ។ នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ លុះដល់មុខផ្ទះជនសង្ស័យ ដោយសារអាកាសធាតុក្តៅពេក ក៏បានឈប់ម៉ូតូ អង្គុយហូបចំណី ក៏ស្រាប់តែជនសង្ស័យបាញ់ចំពាមកៅស៊ូសំដៅមកជនរងគ្រោះតែមិនត្រូវ ពេលនោះជនរងគ្រោះក៏មិនចាប់អារម្មណ៍ បានមួយភ្លែតក្រោយមក ក៏ស្រាប់តែឃើញជនសង្ស័យ កាន់កាំបិតខ្វែវទៅកាប់លើជនរងគ្រោះ ពេលនោះជនរងគ្រោះ ក៏យកដៃរង ហើយរត់ហៅគេអោយជួយ តែជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លា..ប់ជនរងគ្រោះ រហូតដល់ស្លា..ប់តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារ ដើម្បីសាកសួរនឹងមានចំណាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...