បរទេស ៖ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន RIA ថាមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានអះអាងថា ប្រទេសរុស្ស៊ី អាចទ្រាំនិងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ហើយរុស្សីនឹងមិនស្នើសុំឲ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការដាក់ទណ្ឌកម្មមកលើខ្លួននោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក Nikolai Kobrinets ប្រធាននាយកដ្ឋានសហប្រតិបត្តិការអឺរ៉ុបប្រចាំក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ មានសមត្ថភាពគ្រប់គ្រាន់ អាចទប់ទល់វាបាន ហើយមិនចាំបាច់ស្នើឲ្យសហភាពអឺរ៉ុប (EU) មានការបញ្ចប់វានោះឡើយ។
លោក Kobrinets បាននិយាយថា “សហភាពអឺរ៉ុបមិនមែនជាមជ្ឈមណ្ឌលដាក់ទណ្ឌកម្មរបស់សាកលលោកនោះទេ” ។ ទន្ទឹមនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សហភាពអឺរ៉ុបគឺជាសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ដែលគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។
រហូតមកដល់ពេលនេះ អឺរ៉ុបបានដាក់វិធានការប្រឆាំងនឹងរុស្ស៊ី រួមទាំងការហាមប្រាមប្រតិបត្តិការរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកជាមួយធនាគារកណ្តាលរុស្ស៊ី ការដាក់ទណ្ឌកម្មបុគ្គលចំនួន ៨៧៧ នាក់ និងអង្គភាពចំនួន ២៦ និងហាមឃាត់យន្តហោះរុស្ស៊ីចេញពីដែនអាកាស និងអាកាសយានដ្ឋានទាំងអស់របស់សហភាពអឺរ៉ុបជាដើម។
គួរបញ្ជាក់ថា ក្រោយរុស្ស៊ី បានចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន មកបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះជាបន្តបន្ទាប់៕