ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ពួកអ្នកនេសាទខុសច្បាប់មិនមែនយកត្រីទៅលក់ឲ្យ«ទេវតា» ឬទៅលក់«លើមេឃ»ឯណា ដូចនេះអ្វីដែលសំខាន់ គឺឆន្ទៈរបស់ចៅហ្វាយខេត្ត និងមន្រ្តីពាក់ព័ន្ធនានាថា ចង់បង្រ្កាប ឬអត់ ព្រោះចៅហ្វាយខេត្តនៅជាប់បឹងទន្លេសាប ត្រូវតាំងខ្លួនឯងជា«នាយករដ្ឋមន្រ្តីក្នុងខេត្ត» ប្រើអំណាចដែលខ្លួនមាន ដើម្បីបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកចុះទៅស្រាវជ្រាវករណីកាប់ព្រៃលិចទឹក និងការនេសាទខុសច្បាប់នៅបឹងទន្លេសាប បានគូសបញ្ជាក់ថា ការបង្រ្កាបបទល្មើសនេសាទនៅទីនោះ គឺមិនមានភាពលំបាកទេ បើសិនអាជ្ញាធរមានឆន្ទៈធ្វើពិតប្រាកដ។ មិនតែប៉ុណ្ណោះ លោកបានបញ្ចេញប្រតិកម្មខ្លាំងៗថា បើសិនចៅហ្វាយខេត្តបង្រ្កាបបទល្មើសនេសាទ ដូចជាឆក់ត្រីនៅបឹងទន្លេសាបមិនបានទេ គួរផ្ទេរតំណែងរបស់ខ្លួនទៅឲ្យអ្នកឆក់ត្រីវិញទៅ។
បើតាមលោកបណ្ឌិត សុខ ទូច នៅពេលដែលអ្នកឆក់ត្រីខ្លាំងជាងចៅហ្វាយខេត្ត នោះហើយ ជាពេលដែលចៅហ្វាយគួរចាកចេញពីតំណែងរបស់ខ្លួន។ លោកថា ចៅហ្វាយខេត្តនៅជាប់បឹងទន្លេសាប ត្រូវតាំងខ្លួនឯងជា«នាយករដ្ឋមន្រ្តីក្នុងខេត្ត» ប្រើអំណាចដែលខ្លួនមាន ដើម្បីបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព។ ធ្វើបែបនេះ គឺដើម្បីថែរក្សា ការពារធនធានត្រីនៅក្នុងបឹងទន្លេសាបនេះឲ្យបានគង់រង្សសម្រាប់កូនខ្មែរជំនាន់ក្រោយៗ។
ប្រាប់ព័ត៏មានក្នុងស្រុកកាលពីពេលថ្មីៗកន្លងមកនេះលោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា បើចៅហ្វាយខេត្តធ្វើមិនបានទេ លោកនឹងធ្វើឲ្យមើល បើសិនលោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តណាមួយនៅជាប់បឹងទន្លេបសាប។ ជាការពិត ក្រុមអ្នកនេសាទខុសច្បាប់នៅបឹងទន្លេសាប បានប្រើប្រាស់ទូកមានល្បឿនលឿន ដែលទូកមន្រ្តីជលផលតាមបង្រ្កាបមិនទាន់ ប៉ុន្តែលោកបណ្ឌិត សុខ ទូច ថា នៅមានវិធីបង្រ្កាបផ្សេងទៀតដែលមានប្រសិទ្ធភាព។ នោះ គឺទៅចាប់នៅកន្លែងដែលពួកគេយកត្រីទៅលក់តែម្តង។ សម្រាប់លោក សុខ ទូច ពួកអ្នកនេសាទខុសច្បាប់មិនមែនយកត្រីទៅលក់ឲ្យ«ទេវតា» ឬទៅលក់«លើមេឃ»ឯណា។ ដូច្នេះហើយ អ្វីដែលសំខាន់ គឺឆន្ទៈរបស់ចៅហ្វាយខេត្ត និងមន្រ្តីពាក់ព័ន្ធនានាថា ចង់បង្រ្កាប ឬយ៉ាងណាតែប៉ុណ្ណោះ។
ចំពោះការបង្រ្កាបបទល្មើសនេសាទនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២៣ ខែមីនា បានបញ្ជាឲ្យរដ្ឋមន្រ្តី ចៅហ្វាយខេត្ត មេទ័ព និងមេប៉ូលីស ត្រូវបង្រ្កាបឲ្យបានជាដាច់ខាតនូវបទល្មើសនេសាទនៅបឹងទន្លេសាប។ សម្តេចតេជោ បានព្រមានដកតំណែងពួកគេ បើសិនមិនអាចបង្រ្កាបឈ្មួញធំៗដែលបំផ្លិចបំផ្លាញធនធានត្រីនៅបឹងទន្លេសាបនេះបាន៕