ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេស ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបាន គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សម្រេចបានចំនួន ១.៣៥៥ ឃុំ សង្កាត់ នៃចំនួនឃុំ សង្កាត់សរុប ១.៦៥២ ។
ក្នុងចំណោមរាជធានី ខេត្តទាំង ២៥ គឺមានខេត្តស្ទឹងត្រែង និងខេត្តកែប បានបញ្ចប់ទាំងស្រុងនូវការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោតនៃឃុំ សង្កាត់នីមួយៗ។
តាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បន្ទាប់ពីបញ្ជីបេក្ខជនដំបូង ក្លាយជាបញ្ជីបេក្ខជនផ្លូវការហើយ គឃ.សប ត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត ជាសាធារណៈដោយព្រះសង្ឃ ឬឥស្សរជនចូលនិវត្តន៍ ឬចាស់ព្រឹទ្ធាចារ្យដែលមានជំហរអព្យាក្រឹត និងដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ។
សូមជម្រាបជូនថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនលើសន្លឹកឆ្នោត គឺដើម្បីអាចឱ្យ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់នីមួយៗ ដោយផ្អែកតាមចំនួនបញ្ជីបេក្ខជនផ្លូវការនៅក្នុងឃុំ សង្កាត់នោះ និងលទ្ធផលនៃការចាប់ឆ្នោត។
គួរបញ្ជាក់ថា ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានគណបក្សនយោបាយដាក់ពាក្យសុំចំនួន ១៧ ៕