ជើងខ្លាំង ដែលជេរប្រមាថមើលងាយសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ

0
472

ភ្នំពេញ ៖ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ឲ្យដឹងថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា បន្ទាប់ពីឃាត់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។

យោងតាមរយៈសារសំឡេង.លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ»។

ការដាក់បទបញ្ជារបស់មេ នគរបាលជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយវីដេអូមួយ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាងរបស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ ជេរប្រមាថ រុញច្រាន និងគំរាមប្រើប្រាស់អំពើហិង្សាទៅលើមន្ដ្រីនគរបាលចរាចរណ៍ ដោយចាប់ខ្លួនម៉ូតូរបស់គេ។ បន្ថែមពីនេះ បុរសរូបនោះបានគំរាមដកស័ក្ដិមន្ដ្រីនគរបាលដែលកំពុងតែឈរជើងអនុវត្តច្បាប់ថែមទៀតផង។

សូមរំលឹកថាកាលពីវេលាម៉ោង ១ និង៤០នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាន បុរសម្នាក់ ជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បម្រុងនិងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនោះ បានបត់ត្រលប់ក្រោយ និងជិះបញ្ច្រាសទិសបណ្តាលដួលម៉ូតូ តែមិនបណ្តាលឲ្យរងរបួសនោះទេ។ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសនោះ ស្ទុះរក ដេញវាយសមត្ថកិច្ច និងគំរាមដកស័ក្ដិចោលទៀតផង។ ប្រភពដដែលបញ្ជាក់ថា  មូលហេតុ ដែលរូបគេខឹងសម្បាជាមួយសមត្ថកិច្ច គឺមកពីមានសមត្ថកិច្ចស្រែកថាអោយរូបគេ គឺជា«ចោរ» ទើបគេខឹងខ្លាំង រហូតប្រើសម្តីធ្ងន់ៗ និងបម្រុងនឹងឈានដល់ហិង្សាតែម្តង ។ប៉ុន្តែយ៉ាងណាមិញនោះ គេនៅមិនទាន់ដឹងថា ភាគីខាងសមត្ថកិច្ច ពិតជាបានស្រែកអោយរូបគេថាជា «ចោរ» ដូចការចោទមែន ឬយ៉ាងណាឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា ម៉ូតូរបស់យុវជនបង្ក គឺពុំមានដាក់កញ្ចក់ ដែលនេះគឺជាហេតុដែលជនបង្ក ព្យាយាមជិះត្រឡប់ក្រោយគេចវេសពីការអនុវត្តច្បាប់ចរចរណ៍របស់សមត្ថកិច្ចដែរ។

Facebook Comments
Loading...