គម្រោងអភិវឌ្ឍន៍សង្កាត់សម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌ ព្រែកព្នៅត្រូវបានដាក់ដេញថ្លៃប្រកបដោយតម្លាភាព

0
672

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍សង្កាត់ ដែលប្រើប្រាស់នូវថវិកាមូលនិធិសង្កាត់ របស់រាជរដ្ឋាភិបាល សម្រាប់ខណ្ឌព្រែកព្នៅ ត្រូវបានរៀបចំដាក់ឲ្យដេញថ្លៃប្រកបដោយតម្លាភាពនិងមានការចូលរួមពីវិស័យឯកជននិងអ្នកពាក់ព័ន្ធជាច្រើន នៅសាលាខណ្ឌព្រែកព្នៅ។

លោក ហួត ហៃ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនៅក្នុងឱកាសបើកការដេញថ្លៃ គម្រោងអភិវឌ្ឍន៍សង្កាត់របស់រដ្ឋបាលខណ្ឌព្រែកព្នៅដែលបានរៀបចំធ្វើនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ការដាក់ឱ្យដេញថ្លៃនេះ ជាការបើកឱកាសឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋានប្រកប​ដោយតម្លាភាពនិងមានការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកសាងសមិទ្ធិផលក្នុងមូលដ្ឋានសង្កាត់នីមួយៗឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកអភិបាលរងរាជធានីភ្នំពេញបានស្នើដល់ក្រុមហ៊ុនដែលដេញថ្លៃបាន ក៏ដូចជាអ្នកមានតួនាទីពាក់ព័ន្ធទៅនិងការអភិវឌ្ឍមូលដ្ឋាននេះ សូមធ្វើការទទួលខុសត្រូវទាំងគុណភាព សុវត្ថិភាព និងផ្ដល់ការជឿជាក់ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ម្យ៉ាងទៀត ដើម្បីឲ្យដំណើរការនេះ ប្រព្រឹត្ត ទៅជាសាធារណៈប្រកបដោយភាពរលូនមានតម្លាភាព គណនេយ្យភាព យុត្តិធម៌អាចជឿទុកចិត្តបាន សូមឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងការដេញថ្លៃនាពេលនេះ ត្រូវតែប្រកាន់យកនឹងគប្បីត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទួលម៉ៅការ។ ត្រូវស្គាល់ពីទីតាំងនិងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ជាពិសេសពិចារណាអោយបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។ ក្រោយការដេញថ្លៃបាន ត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ ក្នុងការអនុវត្តគម្រោង។បន្ថែមពីនេះ ក៏ត្រូវតែធានាសុវត្ថិភាពការដ្ឋាននិងសុវត្ថិភាពសាធារណៈចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋានផងដែរ។

ដោយឡែកលោក សុខ សម្បត្តិ អភិបាលនៃភណអភិបាលខណ្ឌព្រែកព្នៅបានសម្ដែងនូវការព្រួយបារម្ភ ចំពោះគុណភាព ការដ្ឋានក្រោយដឹងថា តម្លៃនៃការដេញថ្លៃមានលក្ខណះទាប បើធៀបទៅនឹងគម្រោងក្នុងឆ្នាំកន្លងទៅ។ ហើយលោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាសង្កាត់ត្រូវចូលរួមពិនិត្យនិងតាមដាននូវរាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឹងម៉ាត់បំផុត ដើម្បីឱ្យធានាថា លទ្ធផលនៃការអភិវឌ្ឍគម្រោងនេះមានប្រសិទ្ធភាពខ្ពស់ និងមានគុណភាពយូរអង្វែង ឆ្លើយតបទៅនឹងការផ្ដល់ជំនឿចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតរបស់យើង។

លោក សុខ សម្បត្តិ បានបញ្ជាក់ទៀតថា សមិទ្ធិផលទាំងនេះ បានធ្វើឲ្យភូមិសាស្រ្តរបស់យើងមានការអភិវឌ្ឍន៍និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាក ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំងមូល ពិសេសធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្តៅ លើការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំពីសំណាក់ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលើការអភិវឌ្ឍមូលដ្ឋានខណ្ឌព្រែកព្នៅទាំងមូល។

សូមបញ្ជាក់ផងដែរថាសម្រាប់ការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់ ក្នុងខណ្ឌព្រែកព្នៅនេះ មានក្រុមហ៊ុនចំនួន៨ បានចូលរួមធ្វើការដេញថ្លៃ ដែលក្នុងនោះ សង្កាត់ព្រែកព្នៅ បានទៅក្រុមហ៊ុន  សុធិរាជ ឃិន ក្នុងតម្លៃដេញបានជាង៣១ លានរៀល សង្កាត់ ពញ្ញាពន់ បានទៅក្រុមហ៊ុនជួនអេង ក្នុងតម្លៃជាង២២ លានរៀលសង្កាត់ពន្សាំង បានទៅក្រុមហ៊ុន សុធិរាជ ឃិន ក្នុងតម្លៃដេញបានជាង៥៨ លានរៀល និងសង្កាត់គោករកា បានទៅក្រុមហ៊ុនជួនអេង ក្នុងតម្លៃដេញបានជាង៥៧ លានរៀល៕

Facebook Comments
Loading...