ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីត្រូវរថយន្តមិនចាំម៉ាកបើកបុកចំហៀងពេញទំហឹងផ្លោលខ្ទៀតប្រហែល៤០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូបោកទៅនឹងដើមឈើ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវលេខ២៨៩កែងផ្លួវ២៥៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះវ៉ាន់ដេត ឡយ ភេទប្រុសអាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហុតគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IW 7420 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៨ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូចំពីចំហៀងពេញទំហឹងផ្លោលខ្ទៀតប្រហែល៤០ម៉ែត្របណ្តាលឱ្យម្ចាស់ម៉ូតូបោកទៅនឹងដើមឈើរងរបួសធ្ងន់ធ្ងរ ភ្លាមនោះរថយន្តបង្កបានបើកគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានស្លាប់បាត់ទៅ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុរួចទាក់ទងទៅជំនាញមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ដោយឡែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕