ជនប្រហើនដែល វាយអ្នកសារព័ត៌មាននៅក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន អនុវត្តតាមផ្លូវច្បាប់

0
697

បាត់ដំបង ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា នៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្រមទី០៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមួយក្រុម មានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់អូសផង បានធ្វេីសកម្មភាពវាយ និងគប់ទៅលេីឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាភ្នាក់ងារសារព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង ក្នុងខណ:ដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីកន្លែងស្នាក់នៅ ក្នុងមូលដ្ឋានខាងលើ។

ក្នុងពេលកំពុងធ្វើសកម្មភាពនេះ ត្រូវបានជនរងគ្រោះប្តូរចាប់បានជនដៃដល់ម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលបានព្យាយាមគេចខ្លួនមុនពេលដែលសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងចល័តកម្លាំងទៅដល់ចំណុចកើតហេតុ។ភ្លាមៗនៅកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទៅដល់ទីនោះ និងបានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង នាំយកជនសង័្សយខាងលើនេះទៅកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ដែលជនសង័្សយនេះមានឈ្មោះ រឿត រ៉ាមី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។រហូតមកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរស្រាវជ្រាវរកមូលហេតុដែលឈានទៅដល់ករណីប្រើហិង្សាទៅលើជនរងគ្រោះជាអ្នកសារព័ត៌មានបែបនេះរួមទាំងបក្សពួករបស់គេផង។

ករណីនេះត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សម្រេចឱ្យធ្វើការឃាត់ខ្លួន និងបន្តរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ដូចបានជម្រាបជូនខាងលើសូមសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕

Facebook Comments
Loading...