កីឡាបរទេស ៖ ពិតមែនហើយអាជ្ញាកណ្តាលក៏ជាមនុស្សដែរ ចេះបង្កើតកំហុសដូចគ្នា ប៉ុន្តែការប្រកួតផ្លូវការកម្រិតពិភពលោកបែបនេះ វាមិនសមកើតឡើងការកាត់សេចក្តីបែបអាជ្ញាកណ្តាលគ្មានអាជីពអ្វីបន្តិចទាល់តែសោះ ដោយបានធ្វើឲ្យអ្នកគាំទ្រកីឡាករ Cristiano Ronaldo នៅទូទាំងពិភពលោកខឹងសម្បា ហើយចុងក្រោយអាជ្ញាកណ្តាលដឹងកំហុសបានត្រឹមសុំការអភ័យទោសចប់រឿង។
ការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ប៊ិះតែនឹងអាចយកឈ្នះទៅលើក្រុមជម្រើសជាតិស៊ែប តាមរយៈគ្រាប់បាល់ចុងម៉ោងរបស់ Cristiano Ronaldo ទៅហើយប៉ុន្តែអាជ្ញាកណ្តាលបែរជាមិនផ្តល់ឲ្យ ដោយសម្រេចថាខ្សែការពារអាច Clear បាល់នោះចេញ ហើយបាល់មិនទាត់ចូលផុតខ្សែបន្ទាត់ឡើយ។យ៉ាងណា CR7 ក៏ដូចជាអ្នកគាំទ្ររបស់ព័រទុយហ្គាល់ មានការខឹងសម្បាជាខ្លាំង ដោយដល់ថ្នាក់ Ronaldo ដើរចេញពីការប្រកួតមុនបញ្ចប់តង់ទៀតផង។ ពុំមានការតវ៉ាអ្វីនោះទេ ដោយចុងក្រោយបានត្រឹមពាក្យសុំទោសពីអាជ្ញាកណ្តាលលើទីលានតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការលោក Fernando Santos។
ថ្លែងលើប៉ុស្តិ៍ RTP របស់ព័រទុយហ្គាល់លោក Santos និយាយថា៖ “យើងពិតជាបានរកគ្រាប់បាល់ នៅបាល់មិនឲ្យនោះពិតមែន ដោយនៅកម្រិតប្រកួតផ្លូវការបែបនេះ វាមិនសមកើតឡើងការកាត់សេចក្តីបែបហ្នឹងឡើយ”។ លោកបន្ត៖ “អាជ្ញាកណ្តាលបានត្រឹមមកសុំការអភ័យទោសពីខ្ញុំ ហើយនិយាយក្រោយចប់ការប្រកួតថាគាត់ពិតជាខ្មាសអៀននឹងខ្លួនឯងខ្លាំងណាស់ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់គាត់បានសុំទោសខ្ញុំ តែប៉ុណ្ណឹងឯង”។“ពិតមែនហើយអាជ្ញាកណ្តាលក៏ជាមនុស្សដែរ ចេះបង្កើតកំហុសដូចគ្នា បែបហ្នឹងទើបគេកំណត់ឲ្យមាន VAR និងបច្ចេកវិទ្យា Goal line ដើម្បីបញ្ចៀសនៅរឿងនេះ”។
មានចម្ងល់ជាច្រើនបានចោទសួរពីអ្នកគាំទ្រថាតើហេតុអ្វីនៅការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់និងស៊ែបកាលពីយប់មិញ ដែលជាជំនួបវគ្គជម្រុះបឋមព្រឹត្តិការណ៍ World Cup ២០២២ បែរជាគ្មាន VAR ឬបច្ចេកវិទ្យា Goal-line ទៅវិញ។ចម្លើយគឺពិតជាសាមញ្ញហើយងាយយល់បំផុត នោះក៏ដោយសារតែក្រុមជាម្ចាស់ផ្ទះនៃកីឡដ្ឋាននីមួយៗទាំងអស់ ដែលមានសិទ្ធចូលរួមការប្រកួតវគ្គជម្រុះបឋមពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពាក់នូវបច្ចេកវិទ្យា VAR ឬ Goal-line មួយនេះនៅកីឡដ្ឋានរបស់ពួកផ្ទាល់ ហេតុនេះហើយដើម្បីសម្រេចឲ្យស្មើភាព គឺគណៈកម្មការវាយតម្លៃរបស់ FIFA កំណត់ថាមិនប្រើប្រាស់ជាផ្លូវការតែម្តង ដើម្បីធានាបាននូវកម្រិតនៃការលេងស្មើៗគ្នា។យ៉ាងណារឿងនេះបានផ្ទុះខ្លាំង ក្រោយពេលដែលគ្រាប់បាល់របស់ Ronaldo ដែលចូលផុតទីចង់កន្លះម៉ែត្រទៅហើយ បែរជាមិនផ្តល់ឲ្យ ហើយត្រូវបានអ្នកចាត់ការក្រុមជម្រើសជាតិលោក Fernandon Santos និយាយរិះគន់ថា FIFA គួរតែពិចារណាមើលលើការបំពាក់បច្ចេកវិទ្យាទាំងនោះនៅការប្រកួត ហើយលោកពិតជាសោកស្តាយព្រោះក្រោយចប់គឺអាជ្ញាកណ្តាលត្រឹមតែនិយាយពាក្យសុំទោស តែប៉ុណ្ណោះ៕