ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់អេភូថងកីឡា ឡើងស្វាគមន៍កីឡាករសោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុលសែនជ័យ ខណៈកីឡាករខេម ចាន់ អ្នកប្រដាល់នៃក្លិបកងពលពិសេសទ័ពឆ័ត្រយោង៩១១ សុំសាកស្នៀតគុននិងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១នេះ។
កីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះជាច្រើនផងដែរ។ កីឡាករវ័យក្មេងរូបនេះមិនទាន់ដឹងថាខ្លួនឯងមានស្នៀតខ្លាំងណាមួយឲ្យច្បាស់ដូចឪពុកនៅឡើយនោះទេ ប៉ុន្តែគេអាចវាយបានគ្រប់ស្នៀត។
ចំណែកកីឡាករសោម វិឆ័យ ឡើងវាយស្ទើររាល់សប្តាហ៍ទៅហើយភាគច្រើនចាញ់ តែយ៉ាងណាគេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អដែរ តែហាក់មិនសូវមានសំណាងឈ្នះគូប្រកួតដែលមានស្នៀតគុនខ្លាំងជាងខ្លួនឡើយ។ ការប្រកួតរវាងកីឡាករទាំង២នាក់នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា សោម វិឆ័យ មានភាគរយឈ្នះទៅលើម៉ឺន មេឃា តិចបំផុត បើកូនសិស្សលោកអេ ភូថង វាយមិនប្រស់ទេសោម វិឆ័យ អាចចាញ់ដោយសន្លប់ទៀតផង។
ដោយឡែកកីឡាករវ៉ាន់ វឿន ជួបជាមួយកីឡាករខេម ចាន់នេះ ក៍ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ខេម ចាន់ មានភាគរយឈ្នះតិច ព្រោះវ៉ាន់ វឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភជំនួស វ៉ាន់ វឿន នោះគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេវាយឡើងកូដជាខ្លាំង ហើយត្រូវបានអ្នកផ្គូរផ្គងតាមសង្វៀនចាប់គូឲ្យប្រកួតស្ទើររាល់សប្តាហ៍ ហើយកីឡាកររូបនេះក៍មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។
រីឯកីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត កឺជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ តែមិនសូវច្បាស់ ខ្លាំងបានតែគូប្រកួតល្មមៗប៉ុណ្នោះ បើប៉ះអ្នកខ្លាំងដូចជាវ៉ាន់ វឿន នេះមិនអាចប្រៀបបានឡើយ។ ចាំមើលការប្រកួតនេះចាញ់ឈ្នះដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?៕